Pages

Wednesday, February 19, 2014

យុវជន​ប្រតិកម្ម​ចំពោះ​អ្នក​គ្រប់​គ្រង​សារមន្ទីរ​ប្រល័យ​ពូជ​សាសន៍​ទួល​ស្លែង

ក្រុម​យុវជន​មក​ពី​សាកលវិទ្យាល័យ​មួយ​ចំនួន បាន​ប្រតិកម្ម​ចំពោះ​អ្នក​គ្រប់គ្រង​សារមន្ទីរ​ប្រល័យ​ពូជសាសន៍ ឬ​គុក​ទួលស្លែង ដែល​បាន​រារាំង​ពួកគេ​មិន​ឲ្យ​ជួបជុំ​ក្នុង​កម្មសិក្សា​មួយ ស្ដីពី​ការ​គិត​ស៊ីជម្រៅ​ទៅ​លើ​របប​កម្ពុជា​ប្រជាធិបតេយ្យ។
យុវជន​មក​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ លោក គួយ កក្កដា បាន​ថ្លែង​ថា ពួកគេ​ជា​និស្សិត​ចំនួន ២២​នាក់​មក​ពី​សាកលវិទ្យាល័យ​ចំនួន ៦ បន្ទាប់​ពី​បាន​ទទួល​វគ្គ​សិក្សា​ខ្លី​របស់​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន ហៅ​ថា វាយ.អា.ឌី.ភី (YRDP) ចំនួន ២​ថ្ងៃ​មក នៅ​ថ្ងៃ​ទី​១៩ កុម្ភៈ ពួកគេ​បាន​ទៅ​ជួបជុំ​គ្នា​ទស្សនកិច្ច​ដោយ​ផ្ទាល់​នៅ​សារមន្ទីរ​ប្រល័យ​ពូជសាសន៍ ឬ​គុក​ទួលស្លែង ប៉ុន្តែ​កំពុង​ជួបជុំ​នោះ​ត្រូវ​បាន​លោក កេ សុបណ្ណការ ប្រធាន​សារមន្ទីរ​ទួលស្លែង មក​រារាំង​តម្រូវ​ឲ្យ​ពួកគេ​សុំ​ច្បាប់​ជា​មុន​សិន ព្រោះ​ទាក់ទង​នឹង​ការ​ជួបជុំ។ ពួកគេ​មាន​ការ​ងឿង​ឆ្ងល់​ថា មាន​ហេតុផល​អ្វី​បាន​ជា​នាំ​ឲ្យ​មាន​ការ​ហាមប្រាម​មិន​ឲ្យ​យុវជន​ជួបជុំ​និយាយ​ពី​រឿង​ប្រវត្តិសាស្ត្រ​ក្នុង​សារមន្ទីរ​នេះ។
ឆ្លើយ​តប​បញ្ហា​នេះ ប្រធាន​សារមន្ទីរ​ប្រល័យ​ពូជសាសន៍ ស.២១ លោក កេ សុបណ្ណការ បាន​បក​ស្រាយ​ថា នេះ​មិន​មែន​ជា​ការ​បំបិទ​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​របស់​ពលរដ្ឋ​នោះ​ទេ។ លោក​ថា រាល់​ការ​ជួបជុំ​ថត​វីដេអូ​ទាំង​អស់ ត្រូវ​មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួង​វប្បធម៌​ជា​មុន​សិន ជៀសវាង​ការ​ប្រាសចាក​នឹង​ប្រវត្តិសាស្ត្រ៕

No comments :

Post a Comment