Pages

Wednesday, February 19, 2014

កុមារ​ម្នាក់​ទៀតនៅ​ខេត្ត​ក្រចេះ បានឆ្លង​ជំងឺ​ផ្តាសាយបក្សីH5N1

រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក (WHO) រកឃើញ​ករណី​ថ្មី​នៃ​ជំងឺផ្តាសាយបក្សី (H5N1) កើតឡើង​នៅ​ខេត្តក្រចេះ ដែល​នេះ​ជា​ករណី​ទី​បី​ហើយ​សម្រាប់​ឆ្នាំ​២០១៤​នេះ​។​
​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង ចេញផ្សាយ​នៅ​ថ្ងៃ​ពុធ​នេះ ឲ្យ​ដឹងថា ករណី​ទី​បី​នេះ កើត​លើ​កុមារា​ម្នាក់ អាយុ​៤​ឆ្នាំ ដែលមាន​ទីលំនៅ​ក្នុងភូមិ​ក្បាល​ត្រាច ឃុំ​ស្រែ​ចា ស្រុក​ស្នួល ខេត្តក្រចេះ​។ កុមារ ត្រូវបាន​បញ្ជាក់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា នៅ​ថ្ងៃទី​១៤​ខែកុម្ភៈ ថា​មាន​ជំងឺផ្តាសាយបក្សី​។
កុមារ កំពុង​សម្រាក​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តក្រចេះ និង​បានទទួល​ការព្យាបាល​ដោយ​ឱសថ​Tamiflu​។ កុមារ​មាន​រោគសញ្ញា មិនសូវ​ធ្ងន់ធ្ងរ​ទេ ហើយ​បច្ចុប្បន្ន កុមារ​មាន​ស្ថានភាព​សុខភាព​ល្អ​។
ក្រសួងសុខាភិបាល ឲ្យ​ដឹង​ទៀតថា កុមារ បាន​ប៉ះពាល់​ជាមួយ​បក្សី​ឈឺ និង​ងាប់​។​កុមារ បាន​លេង និង​កាន់​មាន់​ងាប់​អំឡុងពេល​៦​ថ្ងៃ មុន​កុមារ មាន​រោគសញ្ញា​។ ប្រហែល​នៅ​ពាក់កណ្តាល​ខែមករា មានប​សុ​បក្សី​ជាច្រើន​(​មាន់ ទា ក្ងាន​)​ចាប់ផ្តើម​ងាប់​ក្នុងភូមិ​(​ប្រហែល​៥០​ក្បាល​)​។​
ករណី​ជំងឺផ្តាសាយបក្សី​ទី​បី​នេះ ជា​ករណី​ទី​៥០​ហើយ​នៃ​ជំងឺផ្តាសាយបក្សី​នៅ​ប្រទេស​កម្ពុជា ហើយ​៣៨​ករណី​ក្នុងចំណោម​នោះ កើតឡើង​កុមារ​អាយុ​ក្រោម​១៤​ឆ្នាំ និង​២៧​ករណី​ក្នុងចំណោម​៥០​ករណី កើត​លើ​នារី​។​១៦​ករណី​ក្នុងចំណោម​៥០​ករណី អ្នកជំងឺ​នៅមាន​ជីវិត​។
គួរ​រំលឹក​ដែរ​ថា កាលពី​ថ្ងៃទី​០៧​ខែកុម្ភៈ ជំងឺផ្តាសាយបក្សី H5N1 បាន​បណ្តាល​ឲ្យ​កុមារា​ម្នាក់ អាយុ​៨​ឆ្នាំ​ម្នាក់ រស់នៅក្នុង​ភូមិ​ក្បាល​ត្រាច ឃុំ​ស្រែ​ចា ស្រុក​ស្នួល ខេត្តក្រចេះ ស្លាប់​។ ជំងឺផ្តាសាយបក្សី H5N1 គឺជា​ជំងឺ​ផ្តាសាយ​មួយ​ដែលជា​ធម្មតា​ចម្លង​រវាង​សត្វ​បក្សី​ឈឺ ទៅ​បក្សី​ផ្សេងៗ​ទៀត ប៉ុន្តែ​ជួនកាល​វា​ចម្លង​ពី​បក្សី​ទៅ​មនុស្ស​។ ជំងឺផ្តាសាយបក្សី​លើ​មនុស្ស ជា​ជំងឺ​ធ្ងន់ធ្ងរ ដែល​តម្រូវ​ឲ្យ​មានការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​។ ទោះបីជា​វា​មិន​ងាយ​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត ប៉ុន្តែ​បើ​វា​ផ្លាស់ប្តូរ វា​នឹង​អាច​រាលដាល ដូចនឹង​ជំងឺ​ផ្តាសាយ​តាមរ​ដូង​កាល​៕​ 

No comments :

Post a Comment