មន្ត្រីអង្គការមិនមែនរដ្ឋាភិបាល បានទទួលស្គាល់ចំពោះការប្រឹងប្រែងរបស់មន្ត្រីរដ្ឋាភិបាលក្នុងការ ផ្ដល់ដីដល់ប្រជាពលរដ្ឋក្រីក្រ និងអ្នកខ្វះដីតាមរូបភាពរដ្ឋាភិបាលធ្វើប្រទានកម្ម និងផ្ដល់សម្បទានដីសង្គមកិច្ច។ ប៉ុន្តែពួកគេបានរិះគន់ថា នីតិវិធីតវ៉ា និងដោះស្រាយទំនាស់ក្នុងកិច្ចដំណើរការផ្ដល់ដី និងវាស់ដីផ្ដល់ប័ណ្ណកម្មសិទ្ធិនោះ នៅមានការខ្វះចន្លោះជាច្រើន។
លោក អ៊ូច ឡេង ប្រធានអង្គការមិនមែនរដ្ឋាភិបាលធ្វើសកម្មភាពលើការងារដីធ្លី ឈ្មោះក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា មានប្រសាសន៍នៅថ្ងៃទី១២ កុម្ភៈ ថា ការផ្ដល់កម្មសិទ្ធិដីនោះ នៅមិនទាន់ឆ្លើយតបតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋក្រីក្រនៅឡើយ ទេ។ ជាពិសេស ការផ្ដល់កម្មសិទ្ធិដីនោះ បើផ្ដល់ឲ្យបានដល់ប្រជាពលរដ្ឋក្រីក្រពិតប្រាកដ គឺមានប្រយោជន៍ជាងផ្ដល់ឲ្យក្រុមហ៊ុន ពីព្រោះមានក្រុមហ៊ុនខ្លះមិនបានដាំដុះអ្វីនៅលើដីដែលរដ្ឋផ្ដល់ សម្បទានឲ្យទេ។
ចំណែកលោក ឡាត់ គី មន្ត្រីកម្មវិធីដីធ្លីរបស់សមាគមសិទ្ធិមនុស្សអាដហុក មានប្រសាសន៍ថា ការផ្ដល់កម្មសិទ្ធិដីនៅកម្ពុជា នេះ ភាគច្រើនបានដល់ដៃអ្នកមានធនធានប៉ុណ្ណោះ ទោះបីផ្ដល់តាមរូបភាពការធ្វើប្រទានកម្ម ឬការផ្ដល់តាមរូបភាពសម្បទានដីសង្គមកិច្ចក៏ដោយ។
លោក ឡាត់ គី បានបន្ថែមឲ្យដឹងថា ចំពោះការវាស់ដីផ្ដល់ប័ណ្ណកម្មសិទ្ធិវិញ គឺមានបញ្ហាមិនប្រក្រតីជាច្រើន ដូចជាការផ្សព្វផ្សាយព័ត៌មានមិនបានទូលាយធ្វើឲ្យម្ចាស់ដីបានត្រៀម ខ្លួនពេលមានការតវ៉ាមិនមានចម្លើយដោះស្រាយភ្លាមៗ ហើយការវាស់តាមបទបញ្ជា ០១ របស់រដ្ឋាភិបាលនោះ បានជាប្រយោជន៍ដល់អ្នកមានលុយច្រើនជាងអ្នកក្រ។
វិទ្យុ អាស៊ីសេរី មិនអាចទាក់ទងមន្រ្តីនាំពាក្យក្រសួងរៀបចំដែនដីនគរូបនីយកម្មនិង សំណង់បានទេ ដើម្បីសុំការពន្យល់បន្ថែម និងឆ្លើយតបការលើកឡើងរបស់មន្ត្រីអង្គការមិនមែនរដ្ឋាភិបាល។
សេចក្ដី ប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានឲ្យដឹងថា សកម្មភាពធ្វើប្រទានកម្មនិងចុះបញ្ជីដីធ្លីចេញប័ណ្ណតាមបទបញ្ជា ០១ របស់រដ្ឋាភិបាល បានអនុវត្តនៅ ៣៥៧ឃុំ នៅទូទាំងប្រទេស ក្នុងនោះវាស់វែងបានដី ៧១ម៉ឺនក្បាលដី និងចែកប័ណ្ណកម្មសិទ្ធិស្ថាពរដល់ដៃប្រជាពលរដ្ឋជាង ៤៥ម៉ឺនប័ណ្ណ។
កាល ពីថ្ងៃទី១០ កុម្ភៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍នៅក្នុងឱកាសចែកសញ្ញាបត្រដល់និស្សិតចំនួនជាង ៤ពាន់នាក់ (៤.០០០) នៅកោះពេជ្រថា សកម្មភាពវាស់ដីចែកប័ណ្ណកម្មសិទ្ធិដល់ប្រជាពលរដ្ឋនៅតែបន្តធ្វើត ទៅទៀត ជាពិសេសត្រូវធ្វើដោយនិស្សិតជាង ៦០០នាក់ ដែលបានប្រឡងជាប់ជាមន្ត្រីសុរិយោដីក្នុងពេលចុះទៅវាស់ដីដោយ ស្ម័គ្រចិត្តតាមការអំពាវនាវរបស់រដ្ឋាភិបាលមុនពេលបោះឆ្នោតកន្លង ទៅ។
ទំនាស់ក្នុងការដណ្តើមកាន់កាប់ដីរវាងប្រជាពលរដ្ឋជាមួយ ក្រុមហ៊ុន និងអ្នកមានអំណាចនៅតែកើតមានជារៀងរាល់ថ្ងៃ បើទោះបីជាមានគោលនយោបាយរដ្ឋាភិបាល និងមានក្រុមការងារចុះទៅវាស់ដីចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ក៏ដោយ។ មានសំណុំរឿងទំនាស់ដីខ្លះបានកើតមាន និងមិនទាន់ដោះស្រាយចេញជាច្រើនឆ្នាំមកហើយ ដូចជាករណីទំនាស់ដីនៅបឹងកក់ នៅបុរីកីឡា នៅភូមិឡពាង ខេត្តកំពង់ឆ្នាំង ទំនាស់ដីនៅតំបន់បឹងប្រាំ ក្នុងខេត្តបាត់ដំបង ជាដើម៕
Read More >>>
No comments :
Post a Comment