ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៤នេះ ពលរដ្ឋ២នាក់បានប្រទះឃើញសាកសពស្ត្រីម្នាក់ទំនងជាត្រូវបានឃាតករ រឹតក សម្លាប់ ហើយច្រកចូលការុងពណ៌ក្រហម ដាក់ក្នុងកញ្ឆេ រួចយកទៅទម្លាក់ចូលក្នុងទឹកស្រះ នៃរណ្ដៅគ្រាប់បេ ៥២ ក្បែរវាលស្រែមួយខាងកើតផ្លូវជាតិលេខ២១ ចម្ងាយប្រហែល១៥០ម៉ែត្រ ស្ថិតក្នុងភូមិទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។
ប៉ូលិសមូលដ្ឋាន បានឲ្យ ដឹងថា សមត្ថកិច្ចបានទទួលសេចក្តីរាយការណ៍មួយ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៤ ថា ប្រជាពលរដ្ឋ បានប្រទះឃើញការុងមួយ ដែលមានទំហំធំ ហើយមានការសង្ស័យថា ក្នុងការុងនោះ អាចជាសាកសព ដែលគេយកមកបោះចោល នៅក្នុងទឹកស្រះ នៃរណ្ដៅគ្រាប់បេ ៥២ ក្បែរវាលស្រែមួយ ស្ថិតក្នុងភូមិទួលក្រសាំងនោះ។ សមត្ថកិច្ច បានឲ្យប្រជាពលរដ្ឋនៅម្តុំនោះ ចុះស្រង់យកការុងនោះ ឡើងលើគោកវិញ ហើយស្រាយមាត់ការុង។ នៅក្នុងការុងនោះ គឺជាសពស្ត្រីម្នាក់ ដែលមានវ័យក្នុងចន្លោះពី ៤០ ទៅ ៦០ឆ្នាំ។ ស្ត្រីរងគ្រោះនោះ ទំនងជាត្រូវឃាតករ យកខ្សែនីឡុងវែងមួយខ្សែ ចងរឹតក ឲ្យស្លាប់ រួចទើបយកសពច្រកការុង ពណ៌ក្រហម ឆ្នូតខៀវ បន្ទាប់មកដាក់នៅក្នុងកញ្ឆេថ្មីមួយ រួចយកទៅទម្លាក់ចូល ក្នុងទឹកស្រះ នៃរណ្ដៅគ្រាប់បេ ៥២ នោះ។
ស្ត្រីដែលគេសម្លាប់ យកមកបោះចោលនេះ មិនទាន់មាននរណា ស្គាល់អត្តសញ្ញាណនៅឡើយទេ។ ស្ត្រីរងគ្រោះ ពាក់អាវដៃខ្លី ពណ៌ក្រហម ស្លៀកខោជើងវែង ពណ៌ខ្មៅ ពាក់ស្បែកជើងផ្ទាត់ ពណ៌ខៀវ អាវទ្រនាប់របស់ស្ត្រី ពណ៌ស។ ស្ត្រីនេះ មានអាយុប្រហែលជាជាង ៥០ ឆ្នាំ។ ស្ត្រីរងគ្រោះ ហាក់ដូចជាទើបត្រូវបានឃាតករ សម្លាប់នៅវេលាទៀបភ្លឺ ថ្ងៃទី១៧ខែកុម្ភៈនេះ ព្រោះបើតាមការមើលឃើញជាក់ស្តែង គឺសពស្ថិតនៅក្នុងសភាពថ្មីៗនៅឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ សមត្ថកិច្ច មិនទាន់អាចសនិ្នដ្ឋានបានថា នេះជាករណី ប្លន់សម្លាប់ ឬ ជាករណីសម្លាប់ ដោយសារគំនុំនោះទេ៕ ស.សណ្តាប់
No comments :
Post a Comment