ក្រុងប៉ោយប៉ែត៖ សមត្ថកិច្ចកងរាជអាវុធហត្ថក្រុងបានឃាត់ខ្លួនជនសង្ស័យម្នាក់កាលពី វេលាម៉ោង៩ព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៤ ពីបទឃាតកម្មគិតទុកជាមុនយ៉ាងសាហាវព្រៃផ្សៃ ទៅលើសង្សារខ្លួនឯង នៅក្នុថ្ងៃទិវានៃសេចក្ដីស្រឡាញ់ Valentine’s Day។
ជនសង្ស័យ ឈ្មោះ ធឺន ប៊ុនធឿន ហៅ ធូយ អាយុ១៩ឆ្នាំ មានទីលំនៅ ក្នុងភូមិបាលីលេយ្យ ២ សង្កាត់/ក្រុងប៉ោយប៉ែត។ ឯនារីរងគ្រោះ ឈ្មោះ ផុន កែវ អាយុ១៦ឆ្នាំ មានទីលំនៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ជាសង្សាររបស់ជនសង្ស័យ។
មន្ដ្រីកងរាជអាវុធហត្ថឱ្យដឹងឲ្យ នៅថ្ងៃទី១៦ ខែកុម្ភៈ ថា កាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៥ កុម្ភៈ ជនសង្ស័យបានបបួលនារីជាសង្សាររបស់ខ្លួនឈ្មោះ ផុន កែវ អាយុ ១៦ឆ្នាំ រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ទៅដើរលេងព្រោះជារាត្រីដែលស្ថិតក្នុងទិវានៃក្ដីស្រឡាញ់ផង ។ លុះដល់ម៉ោងប្រហែលជាង១រំលងអធ្រាត្រ ជនសង្ស័យបានបបួលនាងជាសង្សារទៅអង្គុយលេងក្បែរគុម្ពោតព្រៃមួយ ។ ឆ្លៀតពេលនោះ ជនសង្ស័យបានដោះអាវយកមករឹតកនិងវាយនាងទាល់តែសន្លប់បាត់ស្មារតី ។ ដោយស្មានតែនាងស្លាប់ហើយ ជនសង្ស័យបានរុញនារីជាសង្សារចូលក្នុងលូ ហើយដោះយកគ្រឿងអលង្ការពីនាង ។ មន្ដ្រីកងរាជអាវុធហត្ថឱ្យដឹងថា គ្រឿងអលង្ការដែលបានដកហូតពីជនសង្ស័យមាន កងដៃឈុតប្លាទីន៦វង់ មានតម្លៃ៦.៥០០បាត ,ចិញ្ចៀនប្លាទីន១វង់ តម្លៃ១០០ដុល្លារ ,ចិញ្ចៀនមាស១វង់ តម្លៃ ១៣.០០០បាត ,ក្រវិលប្លាទីន១គូ តម្លៃ៣.០០០បាត ,ខ្សែកមាស១ជី តម្លៃ៦.០០០បាត ,ទូរស័ព្ទអាយហ្វូន ពណ៌ស ១គ្រឿង និងប្រាក់ថៃ ២.៤០០បាត ។
មន្ដ្រីប៉េអឹម ដដែលបន្តថា លុះដល់ម៉ោង ៥ ទឿបភ្លឺ នារីរងគ្រោះ បានដឹង ខ្លួនពីការសន្លប់មកវិញ ហើយបានលូនទៅផ្ទះអ្នកជិតខាងដែលស្ថិតនៅក្នុងតំបន់នោះ ឲ្យជួយសង្គ្រោះនាង។ ក្រោយពេលប្រមូលអារម្មណ៍ និងស្មារតី បានល្អឡើងវិញ នារីរងគ្រោះក៏បានទូរស័ព្ទ ហៅបងប្រុសរបស់នាងឲ្យជួយនាំទៅមន្ទីរពេទ្យ និងប្ដឹងសមត្ថកិច្ច។ ចំណែកសមត្ថកិច្ច ក៏បានតាមចាប់ជនសង្ស័យបាន ហើយកសាងសំណុំរឿងបញ្ជូនទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមផ្លូវច្បាប់៕
No comments :
Post a Comment