យ៉ាងហោចណាស់មាន ប្រជាសហគមន៍អ្នកបុរីកីឡាប្រមាណ៧នាក់បានរងរបួស ដែលក្នុងនោះមាន៣នាក់ បានរងរបួសធ្ងន់ និង៤នាក់របួសស្រាល កំពុងសម្រាកព្យាបាលនៅការិយាល័យអង្គការលីកាដូ បន្ទាប់ពីមានការបណ្តេញចេញដោយហិង្សាពីសំណាក់កម្លាំងសមត្ថកិច្ច មកលើប្រជាពលរដ្ឋដែល បានរស់នៅក្នុងអគារទី៩ ដែលកំពុងសាងសង់ នៅតំបន់បុរីកីឡា។ នេះបើតាមការបញ្ជាក់ពី លោកអំ សំអាត មន្ត្រីនៃអង្គការសិទ្ធិមនុស្សលីកាដូ ប្រាប់ដល់វិទ្យុខ្មែរអន្តរជាតិវាយោFM នៅថ្ងៃទី១៤ កុម្ភៈនេះ។
លោកអំ សំអាត
ដោយឡែកលោក មឿន តុលា ប្រធានផ្នែកសិទ្ធិការងារនៃមជ្ឈមណ្ឌល អប់រំច្បាប់សម្រាប់សហគមន៍ ដែលមានវត្តមាននៅក្នុងព្រឹត្តិការណ៍នេះបានឲ្យដឹងថា បន្ទាប់ពីមានការរុញច្រានគ្នា រវាងកម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋបណ្តាល ឲ្យមានអ្នករងរបួសនោះ រឿងដែលអាក្រក់បំផុតគឺ មានកុមារាម្នាក់មានអាយុមិនដល់៦ឆ្នាំផង បានយកដុំតូចមួយទៅគប់លើសមត្ថកិច្ច ហើយបន្ទាប់មកសន្តិសុខ បានដេញវាយកុមារាម្នាក់នោះ។ ទង្វើបែបនេះត្រូវបានលោកមឿន តុលា យល់ឃើញថា ជាការប្រើកម្លាំងហួសហេតុ។
លោកមឿន តុលា
គួរបញ្ជាក់ថា ប្រជាពលរដ្ឋសហគមន៍បុរីកីឡា មានជម្លោះដីធ្លីជាមួយក្រុមហ៊ុនផានអ៊ីម៉ិច ជាច្រើនឆ្នាំមកហើយ ដោយខាងក្រុមហ៊ុនផានអ៊ីម៉ិច បានសន្យាថា នឹងសាងសង់អាគារចំនួន១០ សម្រាប់ជាថ្នូរនឹងការយកដីតំបន់បុរីកីឡាទៅអភិវឌ្ឍន៍ ប៉ុន្តែក្រុមហ៊ុននេះ សង់បានតែ ៨អាគារប៉ុណ្ណោះ ដែលជាហេតុនាំឲ្យពលរដ្ឋ ដែលមិនទទួលបានសំណង ផ្ទុះការតវ៉ា។ ដោយឡែកនៅថ្ងៃទី ១៤ កុម្ភៈនេះ មានការបង្ក្រាបពីសំណាក់កម្លាំងសមត្ថកិច្ចជាថ្មីម្តងទៀត បន្ទាប់ពីប្រជាពលរដ្ឋបុរីកីឡាប្រមាណជាង១០នាក់ បាននាំគ្នាមករស់នៅក្នុងអគារទី៩ ដែលជាអគារកំពុងសាងសង់ របស់ក្រុមហ៊ុនផានអ៊ីម៉ិច៕ (ដោយៈ សៅ វិសាល)
No comments :
Post a Comment