
បើតាមប្រភពខ្សឹបខ្សៀវមួយចំនួនបានឲ្យដឹងថា ទីតាំងប៉ុស្តិ៍រដ្ឋបាលថ្មី ត្រូវចំណាយក្នុងការសាងសង់ និងទិញដីមិនដល់១០ម៉ឺនដុល្លារផងទេ គឺមិនមានតុល្យភាពទៅនឹងតម្លៃនៃទីតាំងចាស់ដែលមានរហូតដល់ទៅ៤០ម៉ឺន ដុល្លារអាមេរិក ហើយការដោះដូរទីតាំង ប៉ុស្តិ៍រដ្ឋបាលឃុំដារ មិនប្រក្រតីនេះបានធ្វើឲ្យមន្ត្រីមួយចំនួនខ្វែងគំនិតគ្នាផងដែរ ។
ក្រុមប្រឹក្សាឃុំដារបានឲ្យដឹងថា ដីប៉ុស្តិ៍រដ្ឋបាលឃុំដារចាស់ដែលនៅតាមបណ្តោយផ្លូវជាតិលេខ៧ មានទំហំទទឹង៣០ម៉ែត្របណ្តោយ៧០ម៉ែត្រ បើគិតជាតម្លៃប្រហែលជិត៤០ម៉ឺនដុល្លារនោះដូរយកដីថ្មីមួយកន្លែង ផ្សេងទៀត ដើម្បីសាងសង់ប៉ុស្ត៏រដ្ឋបាលឃុំដារថ្មីដែលមានទំហំទទឹង១៥ម៉ែត្រ បណ្តោយ៤៥ម៉ែត្រសរុបថវិកាប្រហែល១០ម៉ឺនដុល្លារតែប៉ុណ្ណោះ ។ ការឃុបឃិតគ្នារត់ការដោះដូរទីតាំងប៉ុស្តិ៍រដ្ឋបាលឃុំដារដែលមាន តាមរបៀបពុករលួយពីថ្នាក់អធិការស្រុកមេមត់ លោកស្នងការខេត្តហើយគេដឹងថា អាជ្ញាធរមូលដ្ឋានឃុំដារមិនសប្បាយចិត្តចំពោះបញ្ហានេះទេ សូម្បីតែក្រសួងមហាផ្ទៃក៏ទំនងជាមិនបានដឹងអំពីការដោះដូរទីតាំង ប៉ុស្តិ៍រដ្ឋបាលឃុំដារ តាមរបៀបពុករលួយនោះដែរ។ដោយសារបញ្ហាដោះដូរមានភាពខុសពីប្រក្រតីទើប ថ្មីៗ នេះមានប្រតិកម្មពីប្រជាពលរដ្ឋដែលជា ម្ចាស់ដីដែលត្រូវបានរដ្ឋខ្ចីយកទៅធ្វើប៉ុស្តិ៍រដ្ឋបាលនោះក៏បាន ដាក់ពាក្យបណ្តឹងទៅកាន់លោក យិន សូផា ជាមេឃុំដារ ឲ្យជួយអន្តរាគមន៍ករណីដែលឈ្មោះ លី សុគន្ធ ហៅយាយក្តាម និងប្តីឈ្មោះ សៀ ត្រៃ បានយកដីរបស់រដ្ឋ ទៅធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនតាមតែអំពើចិត្ត ។ ម្ចាស់បណ្តឹងត្រូវគេស្គាល់ថា ឈ្មោះ សួស ស្អំ អាយុ ៥៨ឆ្នាំ រស់នៅភូមិដារកណ្តាល ឃុំដារ ស្រុកមេមត់ ខេត្តកំពង់ចាម បានអះអាងថា គាត់បានរស់នៅ និងកាន់កាប់ដីនោះតាំងពីឆ្នាំ១៩៧៩ ប៉ុន្តែក្នុងឆ្នាំ១៩៩៧ នគរបាលមូលដ្ឋានបានខ្ចីដីរបស់គាត់ទៅសាងសង់ទីស្នាក់ការប៉ុស្តិ៍ ហើយក្រោយមកឈ្មោះ សួស ស្អំ ក៏បានប្តឹងទាមទារយកដីមកវិញស្ថិតក្រោមចំណាត់ការរបស់គណៈកម្មការដោះ ស្រាយជម្លោះដីធ្លី ខេត្តកំពង់ចាមដែលកាលណោះមានការសម្របសម្រួលកាត់ដីខាងលើនេះជូន លោក សួស ស្អំ វិញបានក្បាលដីប្រវែង ២០ម៉ែត្រ ហើយនៅសល់ ៣០ម៉ែត្រទៀតទុកជូនរដ្ឋសម្រាប់សាងសង់ប៉ុស្តិ៍រដ្ឋបាលឃុំដារ ។
ក្រោយមកទៀតដីទំហំ៣០ម៉ែត្រគុណនឹង៧០ម៉ែត្រនោះ មិនបានសាងសង់ធ្វើជាប៉ុស្តិ៍រដ្ឋបាលឃុំដារនោះទេបែរជាឈ្មោះ លី សុគន្ធ ហៅយាយក្តាម ជាមេឈ្មួញរកស៊ីឈើគ្រញូង ដ៏មានឥទ្ធិពលធ្វើរបង ហ៊ុំព័ទ្ធយកធ្វើនោះជាកម្មសិទ្ធិផ្ទាល់ខ្លួនដោយចំណាយលុយសាងសង់ ទីស្នាក់ការប៉ុស្តិ៍ថ្មីមួយនៅលើដីទំហំ១៥ម៉ែត្រគុណនឹង៤៥ម៉ែត្រ ចំណាយលុយមិនដល់១០ម៉ឺនដុល្លារផងទេ ដោយជ្រកក្រោមស្លាកដោះដូរទីតាំងគ្មានការអនុញ្ញាតិជាផ្លូវការពី ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ក៏ដូចជាក្រសួងមហាផ្ទៃ ។
នៅពេលទទួលបានពាក្យបណ្តឹងរបស់ឈ្មោះ សួស ស្អំ ក៏មានការប្រជុំក្រុមប្រឹក្សាឃុំដារនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៣ សម្រេចរក្សាទុកដីប៉ុស្តិ៍នគរបាលឃុំដារ ជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋមិនអនុញ្ញាតឲ្យមានការដោះដូរ ទីតាំងទេ ហើយក៏បានបញ្ជូនរបាយការណ៍ទៅកាន់សាលាស្រុកមេមត់ មកចាត់ការបន្តអាចបញ្ជាក់បានថា អាជ្ញាធរមូលដ្ឋានមិនបានឯកភាពចំពោះការដោះដូរទីតាំងប៉ុស្តិ៍រដ្ឋបាល ឃុំដារ របស់ឈ្មោះ លី សុគន្ធ ហៅយាយក្តាម នោះទេ ។
ប្រជាពលរដ្ឋ និងមន្ត្រីរាជការដែលបានដឹងឮរឿងរ៉ាវមិនប្រក្រតីទាំងនេះបានទាមទារ ឲ្យអគ្គស្នងការនគរបាលជាតិ និងក្រសួងមហាផ្ទៃពិនិត្យមើលឡើងវិញ ចំពោះចំណាត់ការដែលឈ្មោះ លី សុគន្ធ ហៅយាយក្តាម និងស្វាមីជាមន្ត្រីនគរបាលឈ្មោះ សៀ ត្រៃ ដែលបានដោះដូរទីតាំងប៉ុស្តិ៍រដ្ឋបាលឃុំដារ តាមតែអំពើចិត្តតាមរបៀបយកឆ្នាំងដី ដូរយកឆ្នាំងដែកគឺឈ្មោះ លី សុគន្ធ ហៅយាយក្តាម បានយកអតីតដីប៉ុស្តិ៍ឃុំដារ ដែលមានតម្លៃប្រមាណ៣០ម៉ឺនដុល្លារធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនហើយ សង់ប៉ុស្តិ៍រដ្ឋបាលលើទីតាំងថ្មីមួយដែលមានតម្លៃមិនដល់១០ម៉ឺន ដុល្លារផងទេ។ អង្គភាពប្រឆាំងអំពើពុករលួយគួរតែស៊ើបអង្កេតបញ្ហានេះឡើងវិញផង ព្រោះឈ្មោះ លី សុគន្ធ ហៅយាយក្តាម បានធ្វើអ្វីៗតាមតែទំនើងចិត្ត គ្មានការអនុញ្ញាតពីថ្នាក់លើ៕
សូមចុចត្រង់នេះសម្រាប់ព័ត៌មានលម្អិត
No comments :
Post a Comment