
ម្ចាស់កម្មវិធីឈ្មោះ ជឹម មឿង ភេទប្រុស អាយុ២៧ឆ្នាំ ជាជនជាតិគ្រឹង និយាយថា ខ្លួនបានធ្វើកម្មវិធីសែនព្រេនប្អូនស្រីជាគូស្វាមីភរិយាថ្មីនេះ ដើម្បីឱ្យចាស់ទុំក្នុងភូមិដឹងឮ ហើយមានអ្នកភូមិចូលរួមយ៉ាងច្រើនកុះករ ។ ខណៈកំពុងតែផឹកស៊ីសប្បាយ ស្រាប់តែមានមន្ត្រីនគរបាលប៉ុស្តិ៍មកចាប់អ្នកចូលរួមដាក់ខ្នោះ ចំនួន៣នាក់ វាយធ្វើបាបនៅកន្លែងកម្មវិធីទាល់តែអស់ចិត្ត ទើបនាំទៅកាន់ប៉ុស្តិ៍ ហើយមន្ត្រីនគរបាលខាងលើ មិនត្រូវបានម្ចាស់កម្មវិធីអញ្ជើញឱ្យចូលរួមទេ ។មន្ត្រីក្រុមប្រឹក្សាឃុំបានអោយដឹងថា បុរសទាំង៣នាក់ដែលមន្ត្រីប៉ូលីសទំនើងចាប់វាយធ្វើ
បាបនោះមានឈ្មោះ ១-ឈ្មោះ ហ៊ីម ធឿន អាយុ២០ឆ្នាំ ២-ឈ្មោះ ឌួង ដេត អាយុ២៨ឆ្នាំ និង៣-ឈ្មោះ ណុប រី អាយុ២៣ឆ្នាំ ទាំងអស់គ្នាមានស្រុកកំណើតនៅក្នុងភូមិទឹកជុំ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង តែបានមករស់នៅក្នុងភូមិប៉ាទាត់ ដើម្បីប្រកបមុខរបរកសិកម្ម ។តាមសេចក្តីរាយការណ៍បានអោយដឹងថា ទាក់ទិននឹងការចាប់វាយដំធ្វើទារុណកម្មពីសំណាក់មន្ត្រីនគរបាល មកលើពួកគេនេះ ត្រូវបានឈ្មោះ ណុប រី និយាយថា កាលពីកន្លះខែមុន មានកម្មវិធីឡើងផ្ទះប្រជាពលរដ្ឋក្នុងភូមិ ហើយខ្លួនមានទំនាស់ជាមួយមន្ត្រីនគរបាលឃុំសេដា ពេលនោះមន្ត្រីនគរបាលដែលមានគ្នា៣ទៅ៤នាក់ បានចាប់វាយខ្លួនរហូតដល់សន្លប់ម្តងហើយ ដោយសាររឿងផឹកស្រវឹង ។
លុះមកដល់ថ្ងៃទី១១ កុម្ភៈ មានកម្មវិធីសែនព្រេនគូស្វាមីភរិយាថ្មីរបស់បងប្អូនជនជាតិទំពួន ខ្លួនក៏ទៅចូលរួម និងឃើញមន្ត្រីនគរបាល៣ទៅ៤នាក់នោះ ទៅចូលរួមដែរ ។ ពេលនោះខ្លួនក៏ទៅសួរមន្ត្រីនគរបាលដែលធ្លាប់វាយធ្វើបាបខ្លួនថា បងឯងទាំងប៉ុន្មាននាក់ហ្នឹងហើយដែលធ្លាប់វាយធ្វើបាបខ្ញុំកាលពី ពេលមុន តើខ្ញុំខុសអ្វី ? គ្រាន់តែនិយាយមិនទាន់ចប់ស្រួលបួលផង ស្រាប់តែមន្ត្រីនគរបាលទាំងនោះ ហក់មកវាយ ទាត់ធាក់ខ្លួនស្ទើរស្លាប់ ស្ទើររស់ ហើយបានចាប់ដាក់ខ្នោះដៃទៅក្រោយ ដឹកតាមម៉ូតូបង្ហោះតាមផ្លូវ ធ្វើឱ្យខ្លួនធ្លាក់ពីលើម៉ូតូ ៣ទៅ៤ដង ទាំងដៃជាប់ខ្នោះ ។ ក្រោយមកទៀត ក៏ចាប់ខ្លួនពួកគេ២នាក់ថែមទៀត មកប៉ុស្តិ៍នគរបាល ។ ពេលមន្ត្រីនគរបាលចាប់មកដល់ប៉ុស្តិ៍ភ្លាម បានដាក់ខ្នោះដៃទៅក្រោយ ឯជើងដាក់ច្រវាក់ជាប់នឹងជើងតុ ហើយមន្ត្រីនគរបាល៤ទៅ៥នាក់ បាននាំគ្នាវាយ ទាត់ធាក់ ទះកំផ្លៀង និងជេរប្រមាថមួយយប់ទល់ភ្លឺ ព្រមទាំងយកស្រាបៀរមកស្រោចលើក្បាលទៀតផង លុះពេលអស់ស្រាបៀរ ក៏ដងទឹកជះបន្ត ។ បុរសទាំង៣នាក់បានត្រូវមន្ត្រីនគរបាលឃុំបញ្ជាឱ្យដោះអាវ ស្រាតខោនៅសល់តែខោខ្លី ហើយចំពេលរដូវរងាផង ពួកគេរងាស្ទើរតែរឹងពោះស្លាប់ទៅហើយ ។ ក្រុមជនរងគ្រោះនិយាយទៀតថា ពួកគេទាំង៣នាក់ មិនសុខចិត្តទេ ដោយសារតែអ្នកអនុវត្តច្បាប់វាយធ្វើបាបពួកគេតាមអំពើចិត្ត ទាំងពួកគេគ្មានទោសកំហុសអ្វីសោះ ។ ពួកគេនឹងដាក់ពាក្យបណ្តឹងទៅអគ្គស្នងការដ្ឋាននគរបាលជាតិ និងទៅសាលាដំបូងខេត្តរតនគិរី ដើម្បីរកយុត្តិធម៌ចំពោះរឿងរ៉ាវទាំងនេះ។
ទាក់ទិននឹងពត័មានខាងលើសារព័តមានកំណើតថ្មី មិនទាន់អាចទាក់ទងមន្ត្រីប៉ូលិសដែលរងការចោទនោះនិងការបំភ្លឺពីលោ កមេប៉ុស្តិឃុំសេដានិងលោកអធិការនគរបាល ស្រុកលំផាត់ខេត្តរតនគីរីនៅឡើយទេ៕
សូមចុចត្រង់នេះសម្រាប់ព័ត៌មានលម្អិត
No comments :
Post a Comment