Pages

Wednesday, February 12, 2014

អាជ្ញា​ធរ​អេដស៍​បើក​យុទ្ធនា​ការ​ផ្សព្វ​ផ្សាយ​អំពី​ការ​ឆ្លង​នៃ​ជម្ងឺ​អេដស៍​សម្រាប់​ថ្ងៃ​បុណ្យ​នៃ​សេចក្តី​ស្រឡាញ់

​នៅខណៈ​ពេល​ពិធី​បុណ្យ​នៃ​សេចក្តី​ស្រឡាញ់​កាន់​តែខិត​មក​ដល់ អាជ្ញា​ធរ​ជាតិប្រយុទ្ធ​នឹង​ជម្ងឺ​អេដស៍ បាន​ចាប់​ផ្តើម​យុទ្ធ​នា​ការ​ផ្សព្វ​ផ្សាយ​ការ​យល់​ដឹង​អំពីការ​ឆ្លង និង​កា​រ​បង្ការ​ការ​រីក​រាល​ដាល​នៃ​ជម្ងឺ​នេះ នៅ​ខាង​មុខ​ទី​ស្នាក់ការ​កណ្តាល​របស់​ខ្លួន តាម​បណ្តោយ​ផ្លូវ​២៧១ ជាប់​ខាង​ត្បូង​មន្ទីរ​ពេទ្យ​ព្រះ​កុ​សុមៈ (ពេទ្យ​លោក​សង្ឃ) នៅ​ព្រឹក​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៤ ។

លោក​ស្រី ស៊ូ សូភី អនុ​ប្រធាន​នាយក​ដ្ឋាន​ផែន​ការ ត្រួត​ពិនិត្យ និង​វាយ​តម្លៃនៃ​អាជ្ញាធរ​អេដស៍ បាន​មាន​ប្រសាសន៍​បញ្ជាក់​ប្រាប់​អំពី​គោល​បំណង​នៃ​កម្មវិ​ធីផ្សព្វ ផ្សាយ​នេះ​ថា អាជ្ញាធរ ចង់​បញ្ជ្រាប​ការ​យល់​ដឹង​អំពីការ​ឆ្លង និង​ការ​រីក​រាល​របស់​ជម្ងឺ​អេដស៍ ដល់​ប្រជា​ជន​កម្ពុជា ជា​ពិសេសដល់​ក្រុម​យុវ​ជន សិស្ស និស្សិត នៅក្នុង ឱកាស​ថ្ងៃ​បុណ្យ​នៃ​សេចក្តី​ស្រ​ឡាញ់ (ថ្ងៃ​បុណ្យ​សង្សា) ក្នុង​បំណង​បញ្ចៀស​ការ​ឆ្លង​នៃ​ជម្ងឺ​នេះ ។

កម្ម​វិធី​ផ្សព្វ​ផ្សាយ ត្រូវ​បាន​គេមើល​ឃើញ​ថា មានការ​ទាក់​ទាញ​ចំណាប់​អារម្មណ៍​របស់​ប្រជា​ពល​រដ្ឋ​កម្ពុជា យុវ​ជន សិស្ស និស្សិត ដែល​ជា​អ្នក​ធ្វើ​ដំណើរ​តាម​ដង​ផ្លូ​វ តាម​រយៈ​សម្លេង​ឃោស​នា​តាម​ឧបករណ៍​បំពង​សម្លេង ការ​ពាក់​អាវ​យឺត​ដែល​សរសេរ​ពាក្យ​ប្រឆាំង​នឹង​ជម្ងឺ​អេដស៍ ការ​ដាក់​បង្ហាញ​ស្រោម​អនាម័យ ផ្លិត និង​ក្រដាស​ពណ៌ខៀវ ដែល​មាន​សរសេរ​អក្សរ​ពន្យល់​ពី​ការ​បង្ការ និង​ទប់​ស្កាត់​ការ​រាល​នៃ​ជម្ងឺ​អេដស៍ ។
នៅ​ខាង​មុខទី​ស្នាក់​ការ​អាជ្ញា​ធរ ប៉ែក​ខាង​លើ គេសង្កេ​តឃើ​ញ មាន​បដា​បី​ផ្ទាំង ដែល​ចង​លាត​សន្ធឺង​តាម​បណ្តោយ​ផ្លូវ​២៧១ និង​ផ្លូវ​អម​សង្វាង​អាជ្ញា​ធរ ដែល​មាន ខ្លឹម​សារ​ស្តីពីការ​ប្តេជ្ញា​ចិត្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​ជម្ងឺ​អេដស័ និង​ការ​អនុវត្តន៍​អោយបាន​សម្រេច​នូវ​គោលដៅ ០ បី ដែល​ដាក់ចេញ​ដោយ​រាជ​រដ្ឋាភិបាល​កម្ពុជា និង​អង្គការ​សហ​ប្រជាជាតិ ដែល​ថា៖ គ្មាន​ការឆ្លង គ្មាន​ការ​រើស​អើង និង​គ្មាន​ការ​ស្លាប់ ដោយ​សារ​អេដស៍ ចាប់​ពីឆ្នាំ២០​២០​ទៅ ។
ក្រៅ​ពីការ​ធ្វើ​អត្ថា​ធិប្បាយ​តាម​ប្រព័ន្ធ​ឧឃោសន​ស័ព្ទ ដោយ​មន្ត្រី​ជំនាញ​របស់​អាជ្ញាធរ​ទៅកាន់អ្នក​ធ្វើ​ដំណើរ​តាមដង​ផ្លូវ, សម្លេង​តន្ត្រី​ញាក់​កន្ត្រាក់​អារម្មណ៍​បែប​យុវវ័យ បាន​លាន់​លឺ កង​រំពង គួរ​អោយ​ចង់​ស្តាប់ ។ ព្រម​ជាមួយ​គ្នា​នេះ ក្រុម​យុវតីដ៏​ស្រស់​ស្អាត ស្ថិត​ក្នងុ​ឯក​សណ្ឋាន​របស់​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជម្ងឺ​អេដស៍ បាន​នាំ​គ្នា​ចែក​ព័ត៌​មាន​ស្តី​អំពី​ការ​ប្រឆាំង​នឹង​ជម្ងឺ​នេះទៅកាន់អ្នកធ្វើដំណើរឆ្លងកាត់ ហើយបាន​ណែនាំ​អោយ​អ្នកទាំងនោះ​ចូល​សាក សួរ​សំណួរ​ទៅ​កាន់​អ្នក​គ្រប់​គ្រង​កម្ម​វិធី អំពី​ជម្ងឺ​អេដស៍ ដែល​ពួក​គេ​ម្នាក់​ៗ​នឹង​ទទូលបាន​នូវ​អាវ​យឺត ស្រោម​អនា​ម័យ និង​រង្វាន់​ផ្សេងៗ​ទៀត ។

លោក ញ៉ែម ចន្ថា វ័យ៧៥​ឆ្នាំ ជា​អ្នក​រត់​ម៉ូតូ​ឌុប គឺជា​មនុស្សម្នាក់​ក្នុង​ចំណោម​មនុស្ស​រាប់​រយ​នាក់​ដែល​មានចំណាប់អារម្មណ៍​ចូល​មក​សួរ​សំណួរ​អំពី​ជម្ងឺ​អេដស៍ ។ លោក​បាន​មាន​ប្រសាសន៍​ថា លោក​មាន​ការ​សប្បាយ​ចិត្ត​ជា​ខ្លាំង​នៅ​ពេល​លោក​បាន​ឃើញ​វិធី​ផ្សព្វ​ផ្សាយ​របស់​អាជ្ញា​ធរ នៅ​ចំ​ពេល​ដែល​ថ្ងៃ​បុណ្យ​សង្សារ​ចូល មក​ដល់ ។ លោក​បាន​ប្រសាសន៍​ទៀតថា លោកនឹង​ប្រាប់​រឿង​នេះ ទៅ​កូន​ប្រុស កូន​ស្រីរ​បស់លោក ដែល​ពួក​គេ​កំពុង​ស្ថិត​ក្នុង​ភាព​ជា​យុវ​វ័យ ។ លោក ញ៉ែម ចន្ថា មកពីស្រុកកៀន​ស្វាយ ខេត្ត​កណ្តាល ។​
«ខ្ញុំ​ចង់​អោយ​កូន​ចៅខ្ញុំ​យល់​អំពី​រឿងអេដស៍​នេះ​អោយ​ច្បាស់ ព្រោះ​សម័យ​ឥឡូវ ក្មេងៗ​មាន​សិទ្ធិ​សេរីភាព​ច្រើន ហេតុ​នេះ ពួក​គេត្រូវ​តែ​យល់​ដឹង​អំពី​ផល​ប៉ះពាល់ នៃ​ជម្ងឺ​អេដស៍ ហើយ​ត្រូវ​ចេះគេច​អោយ​ផុត​ពី​ការ​ឆ្លង​មេរោគអេដស៍» នេះ​ជាប្រសាសន៍​របស់​លោក​ញ៉ែម ចន្ថា ដោយ​ដៃ​ទាំង​គូរបស់​លោក​លើក​បង្ហាញ​អាវ​យឺត និង​ស្រោម​អនាម័យ ។
គួរ​រំលឹក​ថា អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជម្ងឺ​អេដស៍ តែង​តែ​រៀបចំ​កម្ម​វិធីផ្សព្វ​ផ្សាយ​ការ​យល់ដឹង​អំពី​ជម្ងឺ​អេដស៍​ជា​រឿយៗ នៅ​ស្ទើរ​គ្រប់​ទី​កន្លែង និង​គ្រប់​ពិធី​បុណ្យធំ​ៗ ដូច​ជា​ពិធី​បុណ្យ​អុំ​ទូក ជាដើម ។​
យោង​តាម​តួលេខ​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជម្ងឺ​អេដស៍ បាន​អោយ​ដឹង​ថា អត្រា​ឆ្លង​នៃ​ជម្ងឺ​នេះ ក្នង​ចំណោម​ពល​រដ្ឋ​កម្ពុជា នៅ​ចន្លោះ​អា​យុ១​៥ ដល់​៤៩​ឆ្នាំ បាន​ធ្លាក់​ចុះមក​នៅ​ត្រឹម ០,៧% នៅឆ្នាំ​២០១៣ ពី០.៨% នៅ​ឆ្នាំ២០១១ និង​ពី២% នៅ​ឆ្នាំ​២០០៨ ៕

No comments :

Post a Comment