Pages

Monday, February 3, 2014

សហភាព​អឺរ៉ុប​ចុះ​ពិនិត្យ​ជម្លោះ​ដី​ធ្លី​រវាង​ពលរដ្ឋ និង​ក្រុម​ហ៊ុន​លោក​ឧកញ៉ា លី យ៉ុង​ផាត់

សហភាព​អឺរ៉ុបបាន​ចុះ​ស៊ើប​អង្កេត​ជម្លោះ​ដី​ធ្លីដ៏​រ៉ាំរ៉ៃ របស់​ក្រុមហ៊ុន​ស្ករ​អំពៅ​របស់​លោក​ឧកញ៉ា លី យ៉ុង​ផាត់ ដែល​ប្រជាពលរដ្ឋ​ចោទ​ថា បាន​រំលោភ​យក​ដី​របស់​ពួក​គេ តាម​រយៈ​ការ​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រាជរដ្ឋាភិបាល​។
សហភាព​អឺរ៉ុប និងប្រទេស​បញ្ជាទិញ​ស្ករស​អន្តរជាតិ​បាន​ប្រកាស​ថា នឹង​លុប​ចោល​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ទាំង​អស់ ក្នុង​ករណី​ដំណើរការ​សង្វាក់​ផលិតកម្ម​មាន​ការ​រំលោភ​សិទ្ធិមនុស្ស ការ​ទន្ទ្រាន​ដី​ធ្លី និង​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម​។

​លោក​ឧកញ៉ា​លី​យ៉ុង​ផាត់ បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រាជរដ្ឋាភិបាល​រាប់​ម៉ឺន​ហិចតា ដើម្បី​អភិវឌ្ឍ​ដំណាំ​កសិ-ឧស្សាហកម្ម​ស្ករ​អំពៅ ក្នុង​គោល​បំណង​បង្កើត​ការងារ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​។ ប៉ុន្តែ​ការ​អភិវឌ្ឍ​របស់​ក្រុមហ៊ុន​តាម​រយៈ​ការ​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រាជ​រដ្ឋាភិបាល​នេះ បាន​បង្ក​ឲ្យ​ប៉ះពាល់​ដី​ប្រជាពលរដ្ឋ​រាប់​ពាន់​គ្រួសារ និង​ការ​រំលោភ​សិទ្ធិមនុស្ស​។
​បញ្ហា​លើ​សង្វាក់​ផលិតកម្ម​ស្ករអំពៅ​នេះ អ្នក​បញ្ជា​ទិញ​ស្ករ​អន្តរជាតិក៏​បាន​ធ្លាប់​បាន​ប្រកាស​មិន​ទទួល​ទិញ​ស្ករស​ពី​ប្រទេស​ណា ដែល​មាន​ការ​រំលោភ​សិទ្ធិមនុស្ស និង​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម ក្នុង​នោះ មាន​ក្រុមហ៊ុន​កូកាកូឡា​ជា​ដើម។ ក្រុមហ៊ុន​នេះ​បាន​ទាក់ទង​ក្រុមហ៊ុន​ដែល​ផ្គត់ផ្គង់​ស្ករស​របស់​ខ្លួន ឲ្យ​បក​ស្រាយ​អំពី​ការ​រំលោភ​សិទ្ធិមនុស្ស និង​សិទ្ធិ​ដីធ្លី​។
បន្ថែម​លើ​នេះ របាយការណ៍​របស់​អង្គការសមធម៌​កម្ពុជា “ការ​ប្រមូល​ផល​ផ្អែម​តែ​ល្វីង” ដែល​ចេញ​ផ្សាយ​នៅ​ដើម​ខែ​វិច្ឆិកា​ឆ្នាំ​២០១៣ បាន​រក​ឃើញ​ថា យ៉ាង​ហោច​ណាស់​មាន​ប្រជាពលរដ្ឋ​ជាង១​ពាន់​គ្រួសារ​ត្រូវ​បាន​គេ​បណ្ដេញ​ចេញ​ពី​ដី​ធ្លី ផ្ទះ​សំបែង និង​ស្រែ​ចម្ការ ដោយ​សារ​ការ​អភិវឌ្ឍ​ដំណាំ​កសិឧស្សាហកម្មស្ករអំពៅ។
វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់​ទង លោក ឧកញ៉ា លី យ៉ុងផាត់ សុំ​ការ​អត្ថាធិប្បាយ​បន្ថែម​ជុំ​វិញ​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដាំ​អំពៅ​នៅ​ក្នុង​ខេត្ត​ឧត្ដរមានជ័យ កំពង់ស្ពឺ និង​ខេត្ត​កោះកុង​បាន​ទេ​។ ប៉ុន្តែ​ឧកញ៉ា លី យ៉ុង​ផាត់ មាន​ប្រសាសន៍​នៅ​ក្នុង​គេហទំព័រ​ក្រុមហ៊ុន​ស្ករស​ភ្នំពេញ​របស់​លោក​ថា ការ​ប្ដេជ្ញា​ចិត្ត​របស់​ក្រុមហ៊ុន​នឹង​បង្កើត​ឲ្យ​មាន​បរិយាកាស​ធុរកិច្ច​ប្រកប​ដោយ​ភាព​ជោគជ័យ​នៅ​ក្នុង​ប្រទេស​កម្ពុជា។
លោក ឧកញ៉ា លី យ៉ុង​ផាត់ មាន​ក្រុមហ៊ុន​ជា​ច្រើន​ដែល​វិនិយោគ​លើ​វិស័យ​ដាំដុះ ការ​ដោះដូរ​ពាណិជ្ជកម្ម ការ​អភិវឌ្ឍ​អចលនទ្រព្យ ហេដ្ឋារចនាសម្ព័ន្ធ ល្បែង និង​សេវា​កម្សាន្ត​ជា​ដើម។
ប៉ុន្តែ​អង្គការ​សង្គមស៊ីវិលបាន​រក​ឃើញ​ថា ការ​រក​ស៊ី​របស់​លោក ឧកញ៉ា លី យ៉ុងផាត់​នេះ បាន​បង្កើត​ឲ្យ​មាន​អ្នក​រង​គ្រោះ​ជា​ច្រើន ជា​ពិសេស​លើ​កសិឧស្សាហកម្ម​ស្ករ​អំពៅ​ជា​បន្តបន្ទាប់​។
​នៅ​ក្នុង​ឆ្នាំ​២០០៣ ប្រជាពលរដ្ឋ​នៅ​ឃុំ​កូនគ្រៀល ស្រុក​សំរោង ខេត្ត​ឧត្តរមានជ័យ បាន​បាត់​ដី​ប្រមាណ​៦០០​ហិចតា ពី​គម្រោង​អភិវឌ្ឍ​ដំណាំ​កសិឧស្សាហកម្ម​ស្ករ​អំពៅ​។ អ្នក​រង​គ្រោះ​ពី​គម្រោង​អភិវឌ្ឍ​ដី​សម្បទាន​សេដ្ឋកិច្ច នៅ​ខេត្ត​ឧត្ដរមានជ័យ​ម្នាក់ អ្នក​ស្រី ហួយ ម៉ៃ បាន​ឲ្យ​ដឹង​ថា គាត់​បាន​បង់​ដី​ប្រមាណ​២០​ហិកតា។ អ្នក​ស្រី​បញ្ជាក់​ថា​គ្មាន​អ្នក​ណា​ម្នាក់​ចូល​មក​ជួយ​អន្តរាគមន៍ដោះស្រាយ​បញ្ហា​បាត់​បង់​ដី​ធ្លី​របស់​គាត់​ឡើយ ចាប់​តាំង​ពី​ឆ្នាំ​២០០៣​មក​។
នៅ​ក្នុង​ឆ្នាំ​២០០៦ ក្រុមហ៊ុន​នេះក៏​បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច បន្ថែម​ទៀត​អភិវឌ្ឍ​នៅ​ខេត្ត​កោះកុង ហើយ​ចុង​ក្រោយ គឺ​នៅ​ខេត្ត​កំពង់ស្ពឺ។ តំណាង​សហគមន៍​ប៉ះពាល់​ដី​ធ្លី នៅ​ខេត្ត​កំពង់ស្ពឺ លោក ផល វណ្ណៈ បាន​ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​ក្រុមហ៊ុន​អភិវឌ្ឍ​ដំណាំ​ស្ករ​អំពៅ​របស់​លោក ឧកញ៉ា លី យ៉ុង​ផាត់ បាន​ចូល​មក​អភិវឌ្ឍ​កាល​ពី​ឆ្នាំ​២០១០ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដី​សហគមន៍ និង​ដី​ស្រែ​ប្រជាពលរដ្ឋ​បង្កបង្កើន​ផល​។ ហើយ​ក្រុមហ៊ុន​វិញ​បាន​ផ្ដល់​សំណង​ដី​គ្មាន​គុណភាពដល់​ប្រជាពលរដ្ឋ​រង​គ្រោះ​រាប់​ពាន់​គ្រួសារ ។
អ្នក​ស្រី ហួយ ម៉ៃ ដែល​តំណាង​ឲ្យ​ក្រុម​អ្នក​រង​គ្រោះ​ទាំង​នេះ សង្ឃឹម​ថា​សហគមន៍​អន្តរជាតិ ឬ​អ្នក​បញ្ជា​ទិញ​ស្ករស​ពី​កម្ពុជា​ដាក់​សម្ពាធ​លើ​ក្រុមហ៊ុន​ឲ្យ​ផ្ដល់​សំណង និង​ប្រគល់​ដី​របស់​គាត់​វិញ​ឲ្យ​បាន​គ្រប់​ចំនួន​៖ «តាម​ខ្ញុំ ខ្ញុំ​សង្ឍឹម​ច្រើន ព្រោះ​អី​គាត់​និយាយ​សន្យា​ជួប​ប្រជាពលរដ្ឋ​។ ហើយ​គាត់​នឹង​ចុះ​ស៊ើប​អង្កេត​ម្ដង​ទៀត​ដើម្បី​រក​ដំណោះ​ស្រាយ ដោយ​សារ​ប្រជាពលរដ្ឋ​ប៉ះពាល់​ច្រើន​ជាង​គេ។»
​អ្នក​ស្រី ហួយ ម៉ៃ បន្ថែម​ទៀត​ថា រាជរដ្ឋាភិបាល​កម្ពុជា​វិញ ត្រូវ​គោរព​គោលការណ៍​សិទ្ធិមនុស្ស និងជៀសវាង​ការ​ចាប់ចង​ប្រជាពលរដ្ឋ​របស់​ខ្លួន ដែល​មិន​មាន​កំហុស​នោះ​។
បញ្ហា​ជម្លោះ​ដី​ធ្លី​រវាង​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន​ស្ករអំពៅ​នេះ សមាជិក​សភា​របស់​សហភាព​អឺរ៉ុប លោក ផែតទ្រីស ទីរ៉ូលែន (Patrice Tirolien) ក៏​បាន​ចុះ​មក​ស៊ើប​អង្កេត​អំពី​ផល​ប៉ះពាល់​នៃ​ការ​អភិវឌ្ឍ​ដី​សម្បទាន​សេដ្ឋកិច្ច​ស្ករ​អំពៅ ដែល​ស្ថិត​នៅខេត្ត​ឧត្ដរមានជ័យ កោះកុង និង​ខេត្ត​កំពង់ស្ពឺ។ លោកនឹង​រៀប​ចំ​របាយការណ៍​ដាក់​ជូនទៅ​ឧត្ដមស្នងការ​ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុប​អំពី​ការ​រក​ឃើញ​របស់​លោក។ លោក​បញ្ជាក់​ថា គោលនយោបាយ​របស់​សហភាព​អឺរ៉ុប គឺ​ជួយ​លើក​កម្ពស់​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ មិន​មែន​បង្កើន​ចំនួនអ្នក​រង​គ្រោះនោះ​ទេ៖  «ខ្ញុំ​ដឹង​ហើយ​ថា​ប្រជាពលរដ្ឋ​បាន​បាត់​ដី ដោយ​គ្មាន​សំណង​សមរម្យ ។ អ្នក​ខ្លះ​បាន​សំណង​តិច​តួច និង​អ្នក​ខ្លះ​ទៀត បាន​ទទួល​ដី​គ្មាន​ជីវជាតិ ធ្វើ​អ្វី​មិន​កើត ។ ប្រជាពលរដ្ឋ​ដែល​បាត់​ដីនេះ​នឹងមិន​អាចទទួល​បាន​ផល​ប្រយោជន៍ ពី​គោលនយោបាយ​សហភាព​អឺរ៉ុប​នោះ​ទេ។»
លោក ផែតទ្រីស ទីរ៉ូលែន នឹង​ស្នើ​ទៅ​ឧត្ដមស្នងការ​ពាណិជ្ចកម្ម​សហភាព​អឺរ៉ុប ចេញ​នូវ​វិធានការ​ជាក់លាក់ និង​ចាំបាច់​មួយ ដើម្បី​ដោះស្រាយ​ដល់​អ្នក​រង​គ្រោះ​ទាំង​នោះ ។
បន្ថែម​លើ​នេះ ប្រធាន​ប្រតិភូ​នៃ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​លោក ឯកអគ្គរដ្ឋទូត ហ្សង់ ហ្រ្វង់ស័រ កូតាំង (Jean  francois CAUTAIN) មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី ក្នុង​កំឡុង​ខែ​តុលា​ឆ្នាំ​២០១៣​ថា បញ្ហា​រំលោភ​សិទ្ធិមនុស្ស គឺ​ទាក់​ទង​អនុវត្តន៍​ពេញ​លេញ ឬ​មិន​បាន​អនុវត្តន៍​ពេញ​លេញ ចំពោះ​គម្រោង​ដី​អភិវឌ្ឍ​សម្បទាន​សេដ្ឋកិច្ច ដែល​ក្រុមហ៊ុន​ឯកជន​ទទួល​បាន​ពី​រាជរដ្ឋាភិបាល​។ សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជាកំពុង​ធ្វើ​កិច្ច​ការ​នេះ ដែល​តែង​តែ​ធ្វើ​ការ​ស៊ើបអង្កេត ដោយ​សហភាព​អឺរ៉ុប​បាន​សហការ​នឹង​ផ្ដល់​ហិរញ្ញប្បទាន​ថវិកា​ដល់​អង្គការ​នានា ឲ្យ​ឃ្លាំ​មើល​ពី​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​នេះ​នៅ​ប្រទេស​កម្ពុជា។ អ្នក​ទទួល​ផល​ប្រយោជន៍ មិន​ត្រឹម​តែ​ផ្ដល់​ជូន​ដល់​ម្ចាស់​វិនិយោគ​នោះ​ទេ ប៉ុន្តែ​ត្រូវ​ផ្ដល់​ផល​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តំបន់​អភិវឌ្ឍ​នោះ​ផង។

No comments :

Post a Comment