Pages

Saturday, February 15, 2014

គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះជាតិ ជួបគ្នា ម៉ោង៩​ព្រឹក​ថ្ងៃ​ទី១៨កុម្ភៈ នៅព្រឹទ្ធសភា

រាជធានីភ្នំពេញ៖ គណបក្ស​ប្រជាជន​កម្ពុជា បាន​ចេញ​សេចក្តីជូនដំណឹង​ថា កិច្ចប្រជុំ​ចរចា​ជាថ្មី រវាង​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ និយាយ​ពី​យន្តការ​រៀបចំ​កំណែទម្រង់​ការបោះឆ្នោត នឹង​ធ្វើឡើង​នៅ​ម៉ោង ៩ :០០ព្រឹក ថ្ងៃទី​១៨​កុម្ភៈ ឆ្នាំ២០១៤នៅ​វិមានព្រឹទ្ធសភា​។ ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា មាន ៣ រូប គឺ​លោក ព្រុំ​សុខា លោក សក់​សេដ្ឋា និង​លោក​កើត​រិទ្ធ​។​
លោក យឹម សុវណ្ណ អ្នក​នាំពា​ក្ស​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ឲ្យ​ដឹងនៅ​រសៀល​ថ្ងៃទី​១៥ ខែកុម្ភៈនេះថា  តំណាង គណបក្សសង្គ្រោះ​ជាតិ សម្រាប់់​ការចរចា​នៅ​ថ្ងៃទី​១៨ ខែកុម្ភៈ ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា រួមមាន លោក សុន ឆ័យ ,លោក គួ​យ ប៊ុន​រឿន និងលោក យ៉ែម ប៉ុ​ញ្ញ​រិ​ទ្ធ​។​
​លោក យឹម សុវណ្ណ បានបញ្ជាក់​បន្តថា នៅក្នុង​ជំនួប​នៅ​ថ្ងៃទី​១៨ ខែកុម្ភៈ​នោះ គណបក្ស​សង្គ្រោះ​ជាតិ បានបញ្ជាក់​រួចហើយ គឺ​ពិភាក្សា​ពី​កំណែ ទម្រង់ ស្ថាប័ន​បោះឆ្នោត កំណែទម្រង់​ស្ថាប័ន​ជាតិ​សំខាន់ៗ​មួយចំនួន​។ លោក​បន្តថា បើសិនជា​ជំនួប​ក្រុមការងារ​បច្ចេកទេស​នៃ​គណបក្ស​ទាំងពីរ​មាន​លទ្ធផល​ល្អ នោះ​អាច​និង​មាន​ជំនួប​កំពូល នៃ​ថ្នាក់ដឹកនាំ គណបក្សនយោបាយ​ទាំងពីរ នៅពេល​បន្ទាប់​។​ លោក​បញ្ជាក់ទៀតថា គណ​បក្ស​សង្គ្រោះ​ជាតិ​គោរព​តាម​ឆន្ទៈប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត។​
តាមសេចក្តីជូនដំណឹង​របស់​គណបក្ស​ប្រជាជ​ន​កម្ពុជា ចុះ​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៤ បង្ហាញថា គណបក្ស​ប្រជាជន​កម្ពុជា សូម​ជម្រាប​ជូន​សាធារណៈ​មតិ​ជាតិ និង​អន្តរជាតិ មេត្តា​ជ្រាប​ថា ដូចដែល​បាន​ជូនដំណឹង​កន្លងទៅ គណបក្ស​ប្រជាជន​កម្ពុជា ត្រៀម​ខ្លួន​រួចជាស្រេច ជួបចរចា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​រៀបចំ​បង្កើត​យន្តកា​រកំ​ណែ​ទម្រង់​ការ​បោះឆ្នោត នាពេលខាងមុខ ស្រប​តាម​ស្មារតី​សេចក្តីប្រកាស​រួម នៃ​ជំនួប​កំពូល​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ នា​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៣​។​
​សេចក្តីជូនដំណឹង​ដដែល បញ្ជាក់ថា ឆ្លើយតប​ចំពោះ​សេចក្តីថ្លែងការណ៍ ថ្ងៃទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៤ របស់​គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​ប្រជាជន​កម្ពុជា សូម​កំណត់​យក​ថ្ងៃទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៤ វេលា​ម៉ោង ៩ ព្រឹក នៅ​វិមាន​ព្រឹទ្ធសភា សម្រាប់​ជួបគ្នា រវាង​ក្រុមការងារ​គណបក្ស​ទាំងពីរ​។ សមាសភាព​ក្រុមការងារ​របស់​គណបក្ស​ប្រជាជន​កម្ពុជា រួមមានៈ លោក ព្រុំ សុខា, លោក សក់ សេដ្ឋា និង​លោក កើត រិទ្ធ​៕

No comments :

Post a Comment