ក្លិបបាល់ទាត់ដែលមានម្ចាស់ជាជនជាតិ ជប៉ុន Albirex Niigata Phnom Penh FC កំពុងញាប់ជើងញាប់ដៃ ទាំងការបំពេញសំណុំបែបបទ ការហ្វឹកហាត់ និងជ្រើសរើសកីឡាករបន្ថែមទៀត ដោយហេតុថាការប្រកួត Cambodian Premier League ខិតកៀកមកដល់ណាស់ទៅហើយ។
អានអត្ថបទពាក់ព័ន្ធ៖ Albirex Niigata Phnom Penh បញ្ចប់តេស្តជ្រើសរើសកីឡាករលើកដំបូង
អ្នកចាត់ការទូទៅ Noriaki Ikeda
បើតាមលោក Noriaki Ikeda អ្នកចាត់ការទូទៅរបស់ក្លិបឲ្យដឹងថា Albirex កំពុងត្រូវការជ្រើសរើសយកកីឡាករជាជនជាតិខ្មែរជាច្រើននាក់ទៀត បន្ថែមលើកីឡាករមួយចំនួន ដែលធ្វើតេស្តជាប់កាលពីខែមុន ជាពិសេសចង់បានអ្នកចាំទី ព្រោះសព្វថ្ងៃមានតែម្នាក់នៅឡើយ។
ប្រភពខាងលើបង្ហើបទៀតថា ចំពោះកីឡាករបរទេសដែលសហព័ន្ធអនុញ្ញាតឲ្យមានក្នុងបញ្ជីចំនួន៥នាក់ នោះ លោកមិនមានបារម្ភក្នុងការជ្រើសរើសឡើយ ត្បិតសាខាធំនៅប្រទេសជប៉ុនជាអ្នកចាត់ចែងធ្វើតេស្តឲ្យ។ លោក Nori ប្រាប់ថា Albirex នឹងយកកីឡាករបរទេសតែ៤នាក់ប៉ុណ្ណោះ ហើយកីឡាករទាំងនោះសុទ្ធតែជាជនជាតិជប៉ុនទាំងអស់ ខណៈមកទល់ពេលនេះមានកីឡាករជប៉ុនបានមកដល់២នាក់ហើយ នឹង២នាក់ផ្សេងទៀតមកកាន់កម្ពុជានៅសប្ដាហ៍ក្រោយ។
គ្រូបង្វឹក និងជាខ្សែការពារសញ្ជាតិជប៉ុន Tatsuya Sase
ខ្សែប្រយុទ្ធសញ្ជាតិជប៉ុន Kazuki Tatsuta
កីឡាករជប៉ុន២នាក់កំពុងហ្វឹកហាត់សព្វ ថ្ងៃនេះ មានមា្នក់មានតំណែងជាគ្រូបង្វឹកផង និងជាខ្សែការពារផង (Playing coach) ឈ្មោះ Tatsuya Sase ធ្លាប់លេងនៅ Albirex Niigata Singapore ចំណែកម្នាក់ទៀតធ្លាប់លេងឲ្យក្រុមបាល់ទាត់សាកលវិទ្យាល័យ Osaka Sangyo ឈ្មោះ Kazuki Tatsuta លេងក្នុងតំណែងខ្សែប្រយុទ្ធ។
ក្រៅពីពង្រឹងសមត្ថភាព និងពង្រីកចំនួនកីឡាករ ក្លិបមួយនេះកំពុងរៀបចំស្វែងរក Apartment ដើម្បីឲ្យកីឡាករស្នាក់នៅជុំគ្នាផងដែរ ខណៈរាល់ថ្ងៃការហ្វឹកហាត់ធ្វើឡើងនៅទីលានបាល់ទាត់វិទ្យាល័យ បឹងកេងកង។
សកម្មភាពហ្វឹកហាត់
Albirex Niigata បង្កើតឡើងតាំងពីឆ្នាំ១៩៥៥ ដែលមានទីតាំងធំនៅប្រទេសជប៉ុន និងវិនិយោគដោយជោគជ័យនៅសាខាទី១ក្នុងប្រទេសសិង្ហបុរី ហើយឆ្ពោះមកបោះទុនបង្កើតសាខាទី២ នៅកម្ពុជាក្នុងឆ្នាំ២០១៤នេះ៕
No comments :
Post a Comment