ក្នុង​ខែ​ មករា​នេះ ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា នៅ​តែ​គ្រង​ចំណាត់ថ្នាក់​លេខ​១៨៩​ដដែល ក្នុង​តារាង​ចំណាត់ថ្នាក់​ពិភពលោក ដែល​ដាក់​ពិន្ទុ​ដោយ​សហព័ន្ធ​បាល់ទាត់​ពិភពលោក FIFA ខណៈ​៥​ប្រទេស​ផ្សេង​ទៀត​ក្នុង​តំបន់​នៅ​ថេរ​ដូច​គ្នា ហើយ​៥​ប្រទេស​ទៀត​មាន​ការ​ប្រែប្រួល​តែ​១​ទៅ​២​លេខ​ប៉ុណ្ណោះ។
ចំណាត់ថ្នាក់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ប្រចាំ​ខែ​មករា
FIFA World Ranking សម្រាប់​ខែ​នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា កម្ពុជា​នៅ​តែ​ឈរ​នៅ​លំដាប់​ទី​៩​ដដែល​ក្នុង​តំបន់​អាស៊ាន នៅ​លើ​ប្រទេស​២​គឺ ប៊្រុយណេ និង​ទីម័រខាងកើត។ លេខ​រៀង​របស់​ជម្រើស​ជាតិ ហ្វីលីពីន (១២៧​) ម៉ាឡេស៊ី (១៥៤​) ឥណ្ឌូណេស៊ី (១៦១​) ប៊្រុយណេ (១៩០​) ទីម័រខាងកើត (១៩០​) សុទ្ធ​តែ​នៅ​ទ្រឹង​ដូច កម្ពុជា ដែរ ខណៈ មីយ៉ាន់ម៉ា (១២៩​) វៀតណាម (១៤៣​) និង​សិង្ហបុរី (១៤៩​) ឡើង​មួយ​កាំ​ដូច​គ្នា ចំណែក ឡាវ (១៥៣​) ធ្លាក់​មួយ​លេខ ហើយ ថៃ (១៤៨​) ធ្លាក់​២​លេខ។
ក្រុម​នៅ​កំពូល​តារាង​ចំណាត់ថ្នាក់​
គេ​សង្កេត​ឃើញ​ថា ក្នុង​ខែ​មករា​នេះ​ក្រុម​ជម្រើស​ជាតិ​ភាគ​ច្រើន​មិន​មាន​ការ​ប្រែប្រួល​ ចំណាត់ថ្នាក់​នោះ​ទេ ជាក់ស្ដែង​តំណែង​ពី​លេខ​១​ដល់​លេខ​២៥ សុទ្ធ​តែ​នៅ​ថេរ​ទាំង​អស់។ តំណែង​លេខ​១​លើ​ពិភពលោក​នៅ​តែ​ជា គោ​ជល់​អេស្ប៉ាញ ដដែល ស្រប​ពេល​ប្រទេស ប៊ូតាន់ សាន់ម៉ារីណូ និង​កោះ Turks and Caicos គ្រង​ចំណាត់ថ្នាក់​លេខ​២០៧​ស្ទួន នៅ​បាត​តារាង​ទាំងអស់​គ្នា៕