មានកីឡាករជាច្រើនដែលនឹងផុតកុងត្រានៅក្លិបដែលខ្លួនកំពុងលេង ហើយក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួន (free agent) ក្នុងឆ្នាំ២០១៤នេះ។ ក្នុងនោះក៏មានកីឡាករល្បីឈ្មោះមួយចំនួនផងដែរ ដូចមានខាងក្រោមនេះ៖
១. Andrea Pirlo
ខ្សែបម្រើឆ្នើម Andrea Pirlo នឹងត្រូវផុតកុងត្រានៅក្លិបសេះបង្កង់ Juventus នាឆ្នាំ២០១៤នេះហើយ។ ទោះជាមានវ័យ៣៤ឆ្នាំទៅហើយក៏ដោយ ក៏មានបណ្ដាញសារព័ត៌មានមួយចំនួនរាយការណ៍ថាកីឡាករអ៊ីតាលីរូបនេះ ត្រៀមបន្តកុងត្រាថ្មីរបស់ខ្លួននៅដំណាច់ខែមករានេះហើយ។ ក្លិប Arsenal និង Chelsea ក៏ត្រូវបានគេរាយការណ៍ថាកំពុងចាប់អារម្មណ៍លើ Pirlo ដែរ។

២- Victor Valdes
ផ្ទុយពី Pirlo ដែលគ្រោងនឹងបន្តកុងត្រាថ្មី អ្នកចាំទី Victor Valdes ទំនងជាមិនបន្តកុងត្រានៅក្លិបអ្នកមានបុណ្យ Barcelona នោះទេ។ Manchester City របស់អង់គ្លេស ក៏ដូចជាក្លិប Monaco របស់បារាំង កំពុងចង់បានអ្នកចាំទីអេស្ប៉ាញនេះដូចគ្នា។

៣- Ashley Cole
Ashley Cole ត្រូវបានគេរំពឹងថានឹងចុះកុងត្រាថ្មីនៅ Chelsea កាលពីចុងឆ្នាំ២០១៣ ប៉ុន្តែឈានដល់២០១៤នេះ នៅមិនទាន់មានកុងត្រាថ្មីសម្រាប់ខ្សែការពារអង់គ្លេសរូបនេះនៅឡើយទេ។ អ្វីៗនៅមិនទាន់ប្រាកដនៅឡើយទេ ដោយសារតោខៀវនៅមានខ្សែការពារឆ្វេងល្អម្នាក់ទៀតគឺ Cesar Azpilicueta។ របាយការណ៍ពី Goal.com បានឲ្យដឹងថា Cole មិនទាន់បានកុងត្រាថ្មី ដោយសាររូបគេបានបដិសេធមិនទទួលយកប្រាក់បៀវត្សទាបជាងមុន (១៥ម៉ឺនផោនក្នុងមួយសប្ដាហ៍)។

៤- Nemanja Vidic
ប្រភពពី Daily Mirror បានឲ្យដឹងថា Manchester United ត្រៀមផ្ដល់ឲ្យខ្សែការពារប្រធានក្រុមរូបនេះនូវកិច្ចសន្យាថ្មីបន្ថែម១២ខែទៀត។ យ៉ាងណាក្ដី ទីភ្នាក់ងាររបស់ Vidic ធ្លាប់បានប្រាប់កន្លងមកថា កីឡាករវ័យ៣២ឆ្នាំរូបនេះ ទំនងជាមិនបន្តកុងត្រាថ្មីនោះទេ ស្របពេលមានក្លិបមួយចំនួនកំពុងចង់បានរូបគេ ដូចជា Monaco និង Galatasaray ជាដើម។

៥- Didier Drogba
ទោះបីជាក្លិបយក្សទួរគី Galatasaray ព្យាយាមរក្សា Drogba យ៉ាងណាក្ដី ក៏ខ្សែប្រយុទ្ធរូបនេះទំនងជាមិនបន្តកុងត្រាថ្មីនោះទេ។ ក្លិប New York Red Bulls របស់សហរដ្ឋអាមេរិកបានត្រៀមរួចជាស្រេច នៅពេលកិច្ចសន្យារបស់កីឡាករកូឌីវ័រ វ័យ៣៤ឆ្នាំរូបនេះ ចប់នៅដំណាច់រដូវកាលនេះ។

៦- Patrice Evra
Manchester United កំពុងត្រៀមបន្តកុងត្រាថ្មីឲ្យ Evra មុនពេលកិច្ចសន្យាបច្ចុប្បន្នត្រូវចប់នៅរដូវក្ដៅខាងមុខ។ ខណៈមានក្លិបអ្នកមានមួយចំនួនកំពុងលេបទឹកមាត់ចង់បានខ្សែការពារបារាំងរូបនេះ បិសាចក្រហមមិនប្រាកដថាអាចរក្សា Evra បានឡើយ។ Monaco ជាក្លិបមុនដំបូងគេ ដែលត្រៀមរួចជាស្រេចក្នុងការទទួលយក Evra ទៅបារាំងវិញ។

៧- Samuel Eto’o
Eto’o ជាកីឡាករដែល Chelsea ទិញយកមកបន្ថែមក្នុងតំបន់ប្រយុទ្ធរបស់ខ្លួនកាលពីដើមរដូវកាលកន្លងទៅ។ ទោះបីជាអាចជះឥទ្ធិពលតិចតួចនៅក្រុមលោក Mourinho ក៏ពិតមែន ក៏អតីតកីឡាករល្បីនៅ Barcelona រូបនេះ នឹងត្រូវចាកចេញពីអង់គ្លេសក្រោយចប់រដូវកាលនេះទេ។ ក្លិបនៅអាមេរិកមួយចំនួន ក៏កំពុងចង់បាន Eto’o ដែរ ដូចជា Los Angeles Galaxy និង DC United ជាដើម។

៨- John Terry
Terry ក៏ត្រូវចប់កុងត្រាក្នុងឆ្នាំ២០១៤នេះដែរ។ អតីតខ្សែការពារប្រធានក្រុមជម្រើសជាតិអង់គ្លេសរូបនេះ នៅតែបង្ហាញទម្រង់លេងយ៉ាងល្អក្នុងនាមជាខ្សែការពារកណ្ដាល ទោះឈានដល់វ័យ ៣៣ឆ្នាំហើយក៏ដោយ។ យ៉ាងណាក្ដី នៅមិនទាន់ច្បាស់នៅឡើយទេ ថាតើ Chelsea នឹងផ្ដល់កុងត្រាថ្មីឲ្យ Terry ឬក៏អត់។

ក្រៅពីកីឡាករទាំង៨ខាងលើនេះ ក៏នៅមានកីឡាករជាច្រើនទៀតដែលនឹងត្រូវចប់កុងត្រានៅក្លិបរបស់ខ្លួនក្នុងឆ្នាំ២០១៤នេះ។ កីឡាករទាំងនោះមានដូចជា Ola Toivonen (PSV), Diego (Wolfsburg), Jeremy Menez (PSG), Mame Biram Diouf (Hannover), Younes Kaboul (Man City), Bacary Sagna (Arsenal), Bafetimbi Gomis (Lyon), Fernando (Porto), Igor Akinfeev (CSKA Moscow) និង Blaise Matuidi (PSG) ជាដើម៕
No comments :
Post a Comment