Franck Ribery ​​​បាន​អះអាង​ថា​ខ្លួន​សម​នឹង​ឈ្នះ​ពាន​រង្វាន់​ FIFA Ballon d’Or ​ជាង Cristiano Ronaldo ព្រោះ​ខ្លួន​បាន​ឈ្នះ​ពាន​រង្វាន់​ឲ្យ​ក្លិប Bayern Munich ដល់​ទៅ​៥​ក្នុង​ឆ្នាំ​២០១៣។
Ribery ក្នុង​ថ្ងៃ​ប្រកាស​លទ្ធផល Ballon d’Or
ការ​និយាយ​ដែល​ធ្វើ​ឡើង​អំឡុង​ពេល​ផ្ដល់​ បទ​សម្ភាសន៍​ជាមួយ​បណ្ដាញ​សារព័ត៌មាន AZ ​នេះ គឺ​ផ្ទុយ​ស្រឡះ​ទៅ​នឹង​អ្វី​ដែល​កីឡាករ​បារាំង​រូប​នេះ​ធ្លាប់​បាន​និយាយ​​ កាល​ពី​​ចប់​ពិធី​ប្រគល់​ពាន Ballon d’Or។ កាល​នោះ Ribery ​មិន​បាន​រិះគន់​អ្វី​នោះ​ទេ ហើយ​ថែម​ទាំង​បាន​និយាយ​ថា​ពាន​ផ្ទាល់​ខ្លួន​​មួយ​នេះ គឺ​មិន​​សូវ​សំខាន់​សម្រាប់​ខ្លួន​នោះ​ទេ។
ប៉ុន្តែ​ Ribery បែរ​ជា​ប្ដូរ​មក​​​និយាយ​ក្នុង​ន័យ​ផ្សេង​នា​ពេល​នេះ​​​​ថា៖ “ខ្ញុំ ​បាន​ឈ្នះ​ពាន​គ្រប់​យ៉ាង​សម្រាប់ Bayern Munich ក៏​ដូច​ជា​សម្រាប់​​ខ្លួន​ខ្ញុំ​ផ្ទាល់។ ចំណែក​ឯ Ronaldo វិញ មិន​បាន​ឈ្នះ​ពាន​មួយ​សោះ។ ខ្ញុំ​មិន​សោកស្ដាយ​ចំពោះ​ការ​បាត់បង់​ពាន​​មួយ​នេះ​ទេ ប៉ុន្តែ​ខ្ញុំ​ក៏​ឈឺចាប់​​បន្តិច​ដែរ។ ខ្ញុំ​សក្ដិសម​នឹង​ឈ្នះ​ពាន Ballon d’Or”។