ក្រោយចប់ពិធីប្រកាសពាន FIFA Ballon d’Or កាលពីយប់ថ្ងៃចន្ទ មានតែអ្នកឈ្នះ Cristiano Ronaldo ប៉ុណ្ណោះដែលត្រូវបានគេស្រង់សម្ដីយកមកចុះផ្សាយស្ទើរគ្រប់ គេហទំព័រកីឡា ប៉ុន្តែបេក្ខភាពដែលមិនឈ្នះ គឺ Franck Ribery វិញ មិនសូវលេខមុខនោះទេ។ ប្រិយមិត្តចង់ដឹងឬអត់ថាកីឡាករជម្រើសជាតិបារាំងរូបនេះ និយាយអ្វីខ្លះក្រោយខកចិត្តក្នុងពិធីដ៏ធំនោះ?

Ribery មុនពេលប្រកាសលទ្ធផល Ballon d’Or
Ribery បាននិយាយទាំងអារម្មណ៍សោកស្ដាយខ្លាំង ក្រោយបាត់បង់ឱកាសឈ្នះពាន Ballon d’Or ជាលើកដំបូងក្នុងអាជីពរបស់ខ្លួនថា៖ “តើខ្ញុំគួរធ្វើឲ្យបានល្អជាងការជួយឲ្យក្លិប Bayern ឈ្នះពានទាំងអស់ទៀតឬយ៉ាងណា?”។
យ៉ាងណាក្ដី ខ្សែបម្រើក្រុម Bayern Munich ក៏បានបន្ថែមក្នុងន័យធូរស្រាលជាងប្រយោគខាងលើដែរថា៖ “ទោះបីខ្ញុំទទួលលេខ២ ឬលេខ៣ គឺមិនខុសគ្នាទេ។ ខ្ញុំមិនមិនមែនជាអត្តទត្ថបុគ្គល ហើយពាននេះក៏មិនមែនជាគោលដៅខ្ញុំដែរ។ ខ្ញុំនឹងឈ្នះពានគ្រប់យ៉ាងនៅ Bayern ឆ្នាំនេះទៀត ហើយបន្ទាប់មកនឹងឈ្នះ World Cup។ នេះទើបជាអ្វីដែលសំខាន់”។
Ribery បន្តទៀតថា៖ “ពិតណាស់វាពិតជាគួរឲ្យរីករាយប្រសិនបើឈ្នះ ប៉ុន្តែវាក៏មិនអីដែរ។ កីឡាករ Bayern ទាំងអស់ ក៏ដូចជារូបខ្ញុំផ្ទាល់ គឺមានមោទនភាពដែលបានឈានដល់ចំណុចកំពូលនេះ”។
ខ្សែបម្រើវ័យ៣០ឆ្នាំ បានសង្កត់ធ្ងន់ជាចុងក្រោយថា៖ “Ballon d’Or គឺអស្ចារ្យខ្លាំងណាស់សម្រាប់អ្នកគាំទ្ររបស់ខ្ញុំ សម្រាប់ក្លិប ជាពិសេសគឺសម្រាប់ប្រពន្ធរបស់ខ្ញុំ ប៉ុន្តែវាមិនសំខាន់បំផុតសម្រាប់ខ្ញុំនោះទេ។ ខ្ញុំរីករាយដែលបញ្ហាទាំងអស់បានបញ្ចប់ ហើយខ្ញុំចង់ឈ្នះពានទាំងអស់នៅ Bayern ក្នុងរដូវកាលនេះទៀត”។

Ribery នៅលើឆាក មុនប្រកាសលទ្ធផល Ballon d’Or
Ribery គឺជាបេក្ខភាព១ក្នុងចំណោមបេក្ខភាព៣រូបចុងក្រោយសម្រាប់ដណ្ដើមពាន FIFA Ballon d’Or 2013 ប៉ុន្តែត្រូវចាញ់ Ronaldo ក្នុងពិន្ទុ ១១២៧ ទល់នឹង ១៣៦៥ ខណៈ Messi ទទួលបាន ១២០៥ពិន្ទុ។ យ៉ាងណាក្ដី ការជួយឲ្យក្លិប Bayern Munich ឈ្នះពាន៣កាលពីរដូវកាលមុន ក៏បានជួយឲ្យ Ribery ឈ្នះពានកីឡាករល្អបំផុតប្រចាំទ្វីបអឺរ៉ុបផងដែរ ក្រោយឈ្នះបេក្ខភាព Messi និង Ronaldo៕
No comments :
Post a Comment