Lionel Messi បានស៊ុតបញ្ចូលទី២គ្រាប់យ៉ាងល្អឲ្យ Barcelona យកឈ្នះ Getafe ២-០ យប់មិញនេះ ប៉ុន្តែមិត្តរួមក្រុម Neymar ត្រូវគ្រាចេញពីទីលានដោយសាររបួស។

Messi អបអរក្រោយស៊ុតបញ្ចូលទី
លទ្ធផល ២-០ នៅទឹកដី Getafe នេះ បានធ្វើឲ្យ Barca ឡើងវគ្គ៨ក្រុមចុងក្រោយ Copa del Rey យ៉ាងស្រួល ក្នុងលទ្ធផលសរុបទាំងពីរជើង ៦-០។
គ្រាន់តែចាប់ផ្ដើមការប្រកួតបាន ២៨នាទី Neymar ត្រូវគ្រាចេញពីទីលានដោយសាររបួសកជើងពេលព្យាយាមបាត់បាល់ចូលមុខ ទីឲ្យមិត្តរួមក្រុម។ កីឡាករប្រេស៊ីល វ័យ២១ឆ្នាំ ត្រូវប្ដូរចេញ ហើយជំនួសវិញដោយ Alexis Sanchez។

Neymar ត្រូវគ្រាចេញដោយក្រុមគ្រូពេទ្យរបស់ក្លិប
លទ្ធផលស្មើ ០-០ បានរក្សារហូតដល់ជិតចប់តង់ទី១ ពោលគឺមុនពេល Messi បំបែកពងមាន់នៅនាទី៤៤ ក្រោយទទួលបាល់បញ្ជូនពី Cristian Tello។ ឈានចូលតង់ទី២ នាទី៦៣ ខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះ បានបន្ថែមគ្រាប់ទី២ ក្រោយបណ្ដើរបាល់គេចផុតខ្សែការពារជាច្រើននាក់ និងញាក់ដាច់អ្នកចាំទីស៊ុតបញ្ចូលទីយ៉ាងស្អាត។
នៅក្នុងការប្រកួតនេះ ក៏មានរឿងគួរឲ្យកត់សម្គាល់មួយទៀតដែរ គឺការចូលលេងលើកទី៧០០ប្រកួតរបស់ Xavi ក្រោយប្ដូរចូលជំនួស Cesc Fabregas នៅ២០នាទីចុងក្រោយ។

ខ្សែការពារជាច្រើននាក់ចោមរោម Messi
នៅវគ្គ៨ក្រុមចុងក្រោយ Barcelona នឹងត្រូវជួបក្រុម Levante ខណៈ៣គូផ្សេងទៀតក្នុងវគ្គបន្ទាប់នោះដែរ គឺ Real Madrid ប៉ះ Espanyol, Atletico Madrid ជួប Athletic Bilbao រីឯ Real Sociedad តទល់នឹង Racing Santader។ ការប្រកួតជើងទី១ នឹងត្រូវធ្វើឡើងនៅថ្ងៃទី២១, ២២ និង២៣ ខែមករាសប្ដាហ៍ក្រោយនេះ ឯជើងទី២ នៅសប្ដាហ៍បន្ទាប់គឺ ២៨, ២៩ និង៣០ ខែមករា៕

Neymar ដួល ក្រោយខ្សែការពារ Alexis Ruano របស់ Getafe ឈូស
វីដេអូហាយឡាយនៃការប្រកួត៖
No comments :
Post a Comment