Pages

Wednesday, January 15, 2014

នៅ​ពី​ក្រោយ​ភាព​ជោគជ័យ​ប្រធាន​ក្រុមហ៊ុន​​រូប​នេះ​ មាន​​ប្រវត្តិ​តស៊ូ​លំបាក​គ្មាន​នរណា​ដូច!

ធ្លាប់​រស់​នៅ​ក្នុង​ផ្ទះ​ធំ​ទ្រនំ​ខ្ពស់  ​និង​មាន​របស់​​របរ​ប្រើ​ប្រាស់​សព្វ​បែប​យ៉ាង​​​។ ប៉ុន្តែ​អ្វី​ៗ បាន​ផ្លាស់​ប្តូរ​ទាំង​ស្រុង​​​នៅ​ពេល​​​សេដ្ឋកិច្ច​គ្រួសារ​​ទាំង​មូល​បាន​ ធ្លាក់​ចុះ​ ស្ទើរ​​ដល់​កម្រិត​សូន្យ​។​ប្រាកដ​ណាស់​ឥទ្ធិពល​នេះ​​​បាន​​​ធ្វើ​ឲ្យ​ប៉ះ​ ពាល់​ដល់​​​​​យុវនារី​​ម្នាក់​​​ ក្នុង​វ័យ​សិក្សា​ដោយ​មិន​អាច​ប្រកែក​បាន​​។ប៉ុន្តែ​ទោះ​ត្រូវ​ឆ្លង​កាត់​ ឧបសគ្គ​ច្រើន​​យ៉ាង​​ណា​​ ការ​លំបាក​ទាំង​នេះ​ប្រែ​ជា​​ធ្វើ​ឲ្យ​ យុវនារី​ម្នាក់​នេះ​​ក្លាយ​ជា​មនុស្ស​រឹង​មាំ​​​ ដោយ​បាន​ហែល​ឆ្លង​គ្រប់​ឧបសគ្គ​ទាំង​អស់​ រហូត​​ទទួល​បាន​ជោគ​ជ័យ​ទាំង​វ័យ​ក្មេង​​។​
កញ្ញា​  តាក់​ ពិសិដ្ឋ​រដ្ឋលីដា​ វ័យ​ ២៩ ឆ្នាំ​​មាន​ទីកន្លែង​កំណើត​ ក្នុង​រាជ​ធានី​ភ្នំពេញ​។​ ជា​កូន​ទី​២​ ក្នុង​ចំណោម​បង​ប្អូន​ពីរ​នាក់​។
កុមារភាព​
​​​ជា​កូន​​ស្រី​ពៅ​ ក្នុង​គ្រួសារ​​ តាក់​ ពិសិដ្ឋរដ្ឋលីដា​ ​បាន​​​ទទួល​ ​ការ​ថ្នាក់​ថ្នម​​ ស្រលាញ់​ ​ជា​ខ្លាំង​ពី​លោក​ ឪពុក​ អ្នក​​ម្ដាយ ​។​លីដា មិន​​​ដែល​ខ្វល់​ខ្វាយ​អ្វី​ច្រើន​ ក្រៅ​ពី​​ខិត​ខំ​​ប្រឹង​ប្រែង​រៀន​សូត្រ​​នោះ​ឡើយ​។​ លីដា ​រៀន​នៅ​សាលា​បាក់​ទូក តាំង​ពី​បឋម​សិក្សា​​រហូត​ដល់​វិទ្យាល័យ​ និង​​មាន​ចំណូល​ចិត្ត​សិក្សា​ភាសា​បរទេស​​ តាំង​ពី​តូច​មក​ម្ល៉េះ​ ក្នុង​នោះ​មាន​​ភាសា​​ចិន​ និង​អង់គ្លេស។​​
គ្រួសារ​ទាំង​មូល​ធ្លាក់​ ក្នុង​ភាព​ក្រី​ក្រ​​នៅ​អំឡុង​ឆ្នាំ​២០០១​ គឺ​ជា​ពេល​វេលា​ដ៏​អាក្រក់​មួយ​​​ ព្រោះ​ភាព​ក្រីក្រ​បាន​​​វាយ​លុក​​ចូល​ ក្នុង​ជីវិត​​​គ្រួសារ​ លីដា​​ទាំង​មូល​។​​រោង​ចក្រ​ផលិត​ដែក​គោល​ ដែល​ឪពុក​ លីដា​ ជា​ម្ចាស់​ភាគ​ហ៊ុន​​ បាន​រង​ការ​ខាត​បង់​ ដោយ​សារ​ដៃ​គូ​រក​ស៊ី​ជាមួយ​គ្នា​មិន​មាន​ភាព​ស្មោះ​ត្រង់ ហើយ​ត្រូវ​លក់​ផ្ទះ​ និង​របស់​របរ​ផ្សេងៗ​គ្មាន​​សល់​ ដើម្បី​សង​ទៅ​ម្ចាស់​បំណុល​ និង​បាន​ប្ដូរ​មក​រស់​នៅ​​ផ្ទះ​ជួល​វិញ​។
​លី​ដា​​ បាន​​ពោល​ថា ស្ថាន​ភាព​អាក្រក់​បែប​នេះ​បាន​កើត​ឡើង​ នៅ​​បី​ខែ​មុន​ កញ្ញា​ ​​ប្រឡង​​សញ្ញាប័ត្រ​បាក់​ឌុប​ ។លីដា មាន​អារម្មណ៍​តែល​តោល​ជា​ខ្លាំង​​ ​ហើយ​​​មនុស្ស​​ជា​ច្រើន​ ដែល​ធ្លាប់​រាប់​អាន​គ្នា​ជិត​ស្និត​​ក៏​ត្រូវ​កាត់​ផ្ដាច់​បន្តិច​ម្តងៗ​។​ មិន​ត្រឹម​ប៉ុណ្ណឹង​​អ្វី​ ដែល​ធ្វើ​ឲ្យ​ចង់​ចាំ​បំផុត​នោះ​សូម្បី​ តែ​គូរ​​ដណ្ដឹង​ ដែល​បាន​ភ្ជាប់​ពាក្យ​រួច​ហើយ​ ក៏​បាន​ផ្ដាច់​ពាក្យ​ទៅ​វិញ​​ដែរ។​
លីដា បាន​ពោល​ថា​​​​ មុខ​ម្ហូប​ ដែល​ញ៉ាំ​ជាមួយ​បាយ​ ​ជា​ប្រចាំ​គ្រា​​នោះ​គ្មាន​អ្វី​ក្រៅ​ពី​ចេក​ទុំ​នោះ​ទេ​។​ចេក​ទុំ ដែល​ លី​ដា​ ប្រៀប​ប្រដូច​ នឹង​សាច់​កាប់​ ឬ​សាច់​​ទា​ខ្វៃ​ដ៏​មាន​ឪ​ជា​រស់​ជា​បំផុត។​​
“ពេលហ្នឹង​ខ្ញុំ​​មាន​អារម្មណ៍​ដូច​​ជា​រស់​នៅ​ ក្នុង​ឋាន​នរក​អីចឹង​ រហូត​មក​ដល់​បច្ចុប្បន្ន​ ទើប​ខ្ញុំ​ដឹង​ពូមួលហេតុដែលមនុស្ស​ខ្លះ​ជួប​បញ្ហា​ផ្លូវ​ចិត្ត​​រហូតចង់​ សម្លាប់​ខ្លួន។ខ្ញុំ​យល់​ពី​អារម្មណ៍​ហ្នឹង​ច្បាស់​ គឺ​គ្រួសារ​បែក​បាក់​ បូក​រួម​ នឹង​មនុស្ស​ជា​ទី​ស្រលាញ់​បែក​ឆ្ងាយ​ពី​យើង​ ។​ពេល​ហ្នឹង​ខ្ញុំ​សឹង​តែ​មិន​ហ៊ាន​មើល​មុខ​ម៉ាក់​ ​ខ្ញុំ​ទេ​ គាត់​ពិបាក​ចិត្ត​ ​ គាត់​ចុះ​ស្គម​ជា​ខ្លាំង​”។​ទាំង​នេះ​គឺ​ជា​ការ​លើក​ឡើង​របស់​លី​ដា​។
ចប់​បាក់​ឌុប​អត់​លុយ​រៀប​មហាវិទ្យាល័យ​
ដោយ​សារ​ស្ថាន​ភាព​គ្រួសារ​ មាន​ភាព​ដុន​ដាន​ខ្លាំង​​ ​លីដា មិន​មាន​លទ្ធភាព​បន្ត​ការ​សិក្សា​នៅ​ មហាវិទ្យាល័យ​​នោះ​ទេ​។ប៉ុន្តែ​​ទោះ​មិន​បាន​បន្ត​ការ​សិក្សា​នៅ​ មហាវិទ្យាល័យ​យ៉ាង​ណា លីដា បាន​​ឆ្លៀត​​​សិក្សា​ភាសា​អង់គ្លេស​ នៅ​ព្រះ​វិហារ​ជីវិត​ថ្មី។ការ​រៀន​ភាសា​អង់គ្លេស​នៅ ព្រះវិហារ​ជីវិត​ថ្មី​ មាន​​ការ​​រឹត​បន្តឹង​ជា​ខ្លាំង ​ទាំង​ការ​សិក្សា​ និង​វិន័យ​ម៉ោង​ពេល​។​ទីបំផុត​ ការ​រឹត​បន្តឹង​ទាំង​នេះ​កាន់​តែ​​​ធ្វើ​​ឲ្យ​ លីដា​ យក​ចិត្ត​ទុកដាក់​ ក្នុង​ការ​សិក្សា​​​ រហូត​​​ទទួល​លទ្ធផល​ល្អ​​​​ទាំង​ភាសា​អង់គ្លេស​​ ​ជំនាញ​កុំ​ព្យូរ​ទ័រ និងការិយាល័យ​យ៉ាង​ស្ទាត់​ជំនាញ​។
គួរ​ឲ្យ​ស្តាយ​ជាប់​អាហារូបករណ៍​​នៅ​បរទេស​ តែ​បោះបង់​ចោល​​​​​​
នៅ​ឆ្នាំ​២០០២ លីដា បាន​ជាប់​អាហារូបករណ៍ សិក្សា​នៅ​សាកលវិទ្យាល័យ​មេគង្គ​កម្ពុជា​ ផ្នែក​ច្បាប់​។​​សិក្សា​នៅ​ទីនោះ​បាន​មួយ​ឆ្នាំ​ លីដា​ ក៏​បាន​ជាប់​អាហារូបករណ៍​បន្ត​​សិក្សា​នៅ​ប្រទេស​ថៃ​លើ​មុខ​វិជ្ជា​​ច្បាប់​ ។ចំពោះ​និស្សិត​ ដែល​ទទួល​បាន​អាហារូបករណ៍​ពេញ​លេញ ដូច លីដា​ មិន​បាច់​បង់​ថ្លៃ​សិក្សា​នោះ​ទេ​។ប៉ុន្តែ​ត្រូវ​រ៉ាប់​រង​ លើ​ថ្លៃ​សម្ភារៈ​​សិក្សា​​ ថ្លៃ​ស្នាក់​នៅ​ ព្រម​ទាំង​អាហារ​ហូប​ចុក​ប្រចាំថ្ងៃ។​
ពេល​នោះ​នាយក​សាលា​សុខចិត្ត​ធានា​ជួយ​ចេញ​ថ្លៃ​ ស្នាក់​នៅ​​ឲ្យ ​លីដា។ចំណែក​ការ​ហូបចុក​ប្រចាំថ្ងៃ​គឺ​ជា​បន្ទុក​ របស់​ លីដា ​ហើយ​​លុយ​ទិញ​ឯកសារ ​អាច​ធ្វើ​ការងារ​ក្រៅ​ម៉ោង​ ដើម្បី​យក​​មក​ទិញ​សៀវភៅ​រៀន​ក៏​​បាន​។
ប៉ុន្តែ​គួរឲ្យ​ស្ដាយ​ទី​បំផុត​​សម្រាប់​ និស្សិត​មួយ​រូប​ ដែល​បាន​ខិត​ខំប្រឹង​ប្រែង​សិក្សា​ រហូត​ទទួល​បាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​បរទេស​ជាប់​ហើយ​​បែរ​គ្មាន​ឱកាស​ទៅ ​សិក្សា​ ដោយ​សារ​ស្ថានភាព​គ្រួសារ​មិន​អាច​ផ្គត់​ផ្គង់​ថ្លៃ​ហូប​ចុក​ប្រចាំ​ថ្ងៃ​នៅ ​ឯ​ប្រទេស​ថៃ​បាន។នៅ​គ្រា​​ដែល​និស្សិត​ភាគ​ច្រើន​ប្រាថ្នា​ចង់​បាន​ អាហារូបករណ៍​នេះ​ជាទី​បំផុត​មក​នោះ​។លីដា បាន​រៀប​​រាប់​ទៀត​ថា​៖ “ខ្ញុំ​ចាំ​បាន​ថា ពេល​នោះ​​ប៉ា​ខ្ញុំ​បាន​ធ្លាក់ខ្លួន​រត់​ម៉ូតូឌុប ជាមួយ​នឹង​ម៉ូតូ​ចាស់​មួយ​គ្រឿង​ ដើម្បី​ប្រាក់​តិច​តួច​​ផ្គត់​ផ្គង់​គ្រួសារ​”។
សាសនា​រំលែក​វិបត្តិ​ផ្លូវចិត្ត​
​​​​​​​​​​​​​​​​ដើម​ឡើយ​​ជា​មនុស្ស​ ដែល​ធ្លាប់​ជឿ​លើ​សមត្ថភាព​ខ្លួន​ឯង​​។ប៉ុន្តែ​បន្ទាប់​ពី​មាន​បញ្ហា​​ផ្លូវ ​ចិត្ត​សាសនា​បាន​រួម​ចំណែក​យ៉ាង​ខ្លាំង​ ធ្វើ​ឲ្យ​អារម្មណ៍​​ របស់​ លីដា មាន​ភាព​ស្ងប់​ស្ងាត់​ និង​​មាន​ពន្លឺ​ឡើង​វិញ​។ ​មិន​ត្រឹម​ប៉ុណ្ណឹង​ លីដា​ បាន​យល់​ពី​​ការ​កំណត់​គោលដៅ​ជីវិត​យ៉ាង​ពិត​ប្រាកដ​មួយ​។​លីដា បាន​ធ្វើ​ការងារ​ស្ម័គ្រចិត្ត​ជា​ច្រើន​ ចាប់​ពី​ឆ្នាំ២០០៥ ដល់​ឆ្នាំ​២០០៧ ​ក្នុង​​នាម​​អ្នក​កាន់គ្រឹស្ទបរិស័ទ​ម្នាក់នៅ ព្រះវិហារសាសនាព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ​​​។
បញ្ចប់​ការងារ​ស្ម័គ្រ​ចិត្ត​​វិល​មក​រក​ការងារ​​​រក​ចំណូល​វិញ​ម្ដង​
អំឡុង​ឆ្នាំ​ ២០០៧ លីដា បាន​ចូល​បម្រើ​ការងារ​នៅ សណ្ឋាគារ​មួយ​ ក្នុង​រាជ​ធានី​ភ្នំពេញ ក្នុ​ង​តួនាទី​ជា អ្នកទទួល​ភ្ញៀវ ដោយ​ទទួល​បាន​​ប្រាក់​ខែ​​ដំបូង​ចំនួន ៨០ ដុល្លារ​ ដោយ​សារ​គ្មាន​បរិញ្ញាបត្រ​​។​ធ្វើ​ការងារ​ នៅ​ទី​នោះ​​បី​ខែ លីដា ត្រូវ​បាន​ដំឡើង​តួនាទី​ជា​បន្ត​បន្ទាប់​ និង​ក្លាយ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ធំ​មួយ​ នៅ​ក្នុង​សណ្ឋាគារ​នោះ​។
ខ្ចី​ប្រាក់​ពី​ព្រះ​វិហារ​ បង់​រៀន​​មហាវិទ្យាល័យ​
ធ្វើ​ការងារ​នៅ​​សណ្ឋាគារ​​បាន​បី​ខែ​ នាំ​​ឲ្យ​ លីដា ​មាន​បំណង​ចាប់​យក​ជំនាញ​​ផ្នែក​សណ្ឋាគារ និង​បដិសណ្ឋារកិច្ច​​​ នៅ​សាកលវិទ្យាល័យ​​ន័រតុន​។ប៉ុន្តែ​ដោយ​សារ​គ្មាន​លុយ​បង់​រៀន​មហាវិទ្យាល័យ ​ លីដា​ បាន​​ខ្ចី​ប្រាក់​ពី​ព្រះវិហារ​​យក​ទៅ​បង់​ថ្លៃ​សាលា​ ក្នុង​រយៈ​ពេល​១ឆ្នាំ​ម្តងៗ ដោយ​ត្រូវ​កាត់​សង​មក​វិញ​ជា​រៀង​រាល់​ខែ ក្នុង​ចំនួន​តិច​តួច​។
ប្រឡង​ជាប់​ជា​អ្នក​ចម្រៀង​​នៅ​ស្ថានីយ​ប៉ុស្តិ៍​លេខ​៣
ក្រៅ​ពី​កិច្ច​ការងារ​ដ៏​មមាញឹក​ និង​​មាន​​ចិត្ត​ស្រឡាញ់​សិល្បៈ​​ចម្រៀង​តាំង​ពី​តូច​​ ផង ​នោះ​​ នៅ​ឆ្នាំ២០០៧​ ដដែល​​ លីដា​ ក៏​បាន​​ជាប់​ជា​តារា​ចម្រៀង​​ភាសា​ចិន​ ក្នុង​កម្មវិធី​មួយ​របស់​​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣។​ក្រោយ​​ជាប់​ ជា​តារា​​ចម្រៀង​នៅ​​​ពី​ស្ថានីយ​ទូរទស្សន៍ ប៉ុស្តិ៍​លេខ​៣​ រួច​មក​ បាន​​នាំ​ឲ្យ​ លីដា​ ចាប់​​ផ្តើម​​មាន​ទីផ្សារ​ ក្នុង​នាម​ជា​តារា​​​​ចម្រៀង​ថ្មោង​ថ្មី​​ និង​ពិធី​​ករ​នៅ​តាម​ឆាក​ប្រគំ​​តន្ត្រី​នានា។
​​មិន​យូរ​ប៉ុន្មាន​ ការងារ​ជា អ្នក​ចម្រៀង​ និង​​ពិធី​ករ​កាន់​តែ​មមាញឹក​​ឡើង​​ ជា​ពិសេស​នៅ​ថ្ងៃ​សៅរ៍​ និង​ថ្ងៃ​ឈប់សម្រាក​។​ កញ្ញា​ សប្បាយ​ចិត្ត​នឹង​បំពេញ​កិច្ច​ការងារ​នេះ​​ ព្រោះ​ការងារ​នេះ​ហើយ​ ដែល​​ផ្តល់​ប្រាក់​ចំណូល​មួយ​ផ្នែក​​​សម្រាប់​បន្ត​ការ​សិក្សា​។​លីដា​ បាន​បង្ហាញ​មុខ​មំាំ​ថា​ រហូត​​ថ្ងៃ​ខ្លះ​ទោះ​ត្រូវ​ជួបបញ្ហា​សុខ​ភាព​យ៉ាង​ណា​​​ក៏​​ស៊ូទ្រាំ​ជម្នះ​ នឹង​​ឡើង​ច្រៀង​លើ​ឆាក​ ដែល​អ្នក​ផេ្សង​មើល​មិន​ដឹង។​ “ពេល​មួយ​ខ្ញុំ​​​ត្រូវ​ទៅ​ច្រៀង​ ក្នុង​កម្មវិធី​​មួយ​ ​ដោយ​សារ​​មាន​បញ្ហា​សុខ​ភាព​ពេល​​ច្រៀង​ចប់​ ​ជើង​ទាំង​គូរ​របស់​ខ្ញុំ​ឡើង​​ញ័រ​ ខ្ញុំ​ខ្សឹប​​យំ​ម្នាក់​ឯង​នៅ​ខាង​ក្រោយ​ឆាក​​។​ប៉ុន្តែ​ខ្ញុំ​នៅ​​តែ​ស៊ូ​ ទ្រាំ​​ការ​លំបាក​ ហើយ​​និយាយ​ប្រាប់​ខ្លួន​ឯង​ថា​​​ សូម​កុំ​ទន់​ជ្រាយ​ឲ្យ​សោះ​ បើ​អ្នក​ទន់​ជ្រាយ​ អ្នក​នឹង​ក្រ​​”​។
រៀន​​ចប់បាន​មួយឆ្នាំ លីដា​ អាច​មាន​​លទ្ធភាព​សង​ប្រាក់​ទៅ​​ព្រះ​វិហារ​​ តាម​ការ​​ កំណត់​ទិស​ដៅ​សម្រាប់​ខ្លួន​ឯង​ ដែល​បាន​មួយ​ផ្នែក​ពី​ការងារ​ជា​អ្នក​ចម្រៀង​ និង​ពិធី​ករ​​ ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​។​លីដា បាន​បន្ថែម​​ថា​៖​ “អ្នក​ខ្លះ​អាច​សួរ​ខ្ញុំ​ថា​ តើ​បាន​ប្រាក់​មក​​ពី​ណា​ច្រើន​យ៉ាង​នេះ​ ដើម្បី​សង​ទៅ​ព្រះវិហារ​។ប៉ុន្តែ​អ្វីៗ​គឺ​បាន​មក​ពី​ការ​ខិត​ខំ​ប្រឹង​ ប្រែង​ ដែល​ជា​កម្លាំង​ញើស​ឈាម​​ផ្ទាល់​ខ្លួន”។
កន្លែង​ការងារ​ថ្មី ​មាន​ឱកាស​រក​លុយ​បាន​ច្រើន​​ តែ​មិន​ប្រថុយ​​
ឈប់​ការងារ​ពី​កន្លែង​ចាស់​ លីដា​ បាន​ប្ដូរ​ទៅ​​ធ្វើ​នៅ​កន្លែង​ថ្មី​​​មួយ​ផ្សេង​ទៀត​ ​ដែល​មាន​ទាំង​ផ្នែក​សេវា​កម្ម​​សណ្ឋាគារ​ និង​ក្លឹប​កម្សាន្ត។​ថ្វី​ត្បិត​ជា​បុគ្គលិក​ធ្វើ​ការងារ​​​នៅ​ផ្នែក​​ ការិយាល័យ​ និង​មាន​តួនាទី​ជា​ជំនួយ​ការ​នាយក​​ ក៏​ពិត​មែន​ តែ​​​ លីដា​ ក៏​​ធ្លាប់​រង​ការ​អូស​ទាញ​​ឲ្យ​​ទៅ​​បម្រើ​ការងារ​ ដែល​ទទួល​បាន​ប្រាក់​ចំណូល​ច្រើន​នៅ​​ ក្នុង​ក្លឹប​នោះ​ដែរ​ តែ​មិន​ហ៊ាន​ប្រថុយ​ ដោយ​សារ​បាន​កំណត់​​​ទិស​ដៅ​ខ្លួន​ឯង​​​ច្បាស់​លាស់​​ និង​​គ្មាន​​​បំណង​អ្វី​ក្រៅ​ពី​​ធ្វើ​ការងារ​នៅ​​ ក្នុង​ការិយាល័យ​​ ដើម្បី​ទទួល​បាន​បទ​ពិសោធន៍​ និង​​​ប្រាក់​បៀវត្ស​ ដើម្បី​បញ្ចប់​ការ​សិក្សា​​បរិញ្ញាបត្រ​នោះ​ឡើយ​​​។ដូច្នេះ​​ ពាក្យ​អូស​ទាញ​ទាំង​នេះ​មិន​មាន​ទម្ងន់​ សូម្បី​បន្តិច​​ សម្រាប់​ លីដា​។
​ក្រៅ​ពី​ការងារ​ដ៏​​មមាញឹក​​​លីដា ​​បាន​យក​ចិត្ត​ទុកដាក់​លើ​ការ​សិក្សា​ជា​ទី​បំផុត​ និង​មិន​ដែល​​ស្គាល់​ឡើយ​ការ​ចូល​គេង​ពី​ក្បាល​ព្រលប់​​។​លទ្ធផល​ចុង​ក្រោយ​ ​ពី​ការ​ព្យាយាម​ លីដា​​​បាន​​រៀន​ចប់​ថ្នាក់​បរិញ្ញាបត្រ​ជា​ស្ថាពរ និង​បាន​ជាប់​​ចំណាត់​ថ្នាក់​លេខ​១​​ លើ​ការប្រលងសរសេរអត្ថបទ​ប្រចាំ​សាលាផ្នែក​សណ្ឋាគារ និង ទេសចរណ៍​នៅ​សាកល​វិទ្យាល័យ​ន័រ​តុ​ន។​លីដា​ បាន​ចាត់​ទុក​ថា​ នេះ​គឺជា​ភាព​ជោគជ័យ​ធំ​មួយ​សម្រាប់​​ជីវិត​ខ្លួន​ឯង​​​។
ចេះ​ឆក់​យក​ឱកាស បើក​អាជីវកម្ម​ ដោយ​ខ្លួន​ឯង​​​​
ដោយ​សារ​មាន​ស្គាល់​មិត្តភ័ក្ដិ​ជិត​ដិត​​ ដែល​មាន​បទ​ពិសោធន៍​​ផ្នែក​​រៀប ​ចំ​កម្មវិធី​ប្រគំ​តន្ត្រី ​ឲ្យ​ក្រុមហ៊ុន​​ជា​ច្រើន​​ ព្រម​​ទាំង​ខ្លួន​ឯង​ផ្ទាល់​ក៏​ធ្លាប់​ធ្វើ​ជា​អ្នក​ចម្រៀង និង​ពិធី​ករ​នៅ​តាម​ឆាក​ប្រគំ​តន្ត្រី​ជា​ច្រើន​ផង​នោះ លីដា​ ​បាន​ឆក់​យក​​ឱកាស​​​ ​ប្រមូល​​​មិត្តភ័ក្ដិ​​ជិត​ដិត​ បួន​​នាក់​ទៀត ​ចាប់​ផ្ដើម​បង្កើត​ក្រុម​​រៀប​ចំ​​​ព្រឹត្តិការណ៍​ប្រគំ​ដន្ត្រី​ និង​តាំង​ពិព័រណ៍​ផេ្សងៗ​​​​​​ ដោយ​ស្វែង​រក​​ម្ចាស់​ឧបត្ថម្ភ​​កម្មវិធី​​ខ្លួន​ឯង។
​​មិន​យូរ​​ប៉ុន្មាន​ ក្នុង​ពិធី​អបអរ​សាទរ​បុណ្យ​ឆ្លង​ឆ្នាំ​សាកល​២០១១ ឆ្លង​ចូល​ ២០១២​ លីដា​ រួម​នឹង​មិត្តភ័ក្ដិ​រួម​ក្រុម​​បាន​បង្កើត​កម្ម​វិធី​ ប្រគំ​តន្ត្រី​ឆ្លង​ឆ្នាំ​មួយ​នៅ​កោះ​ពេជ្រ​ បន្ទាប់​ពី​បាន​គៀង​គរ​ រក​ម្ចាស់​ឧបត្ថម្ភ​កម្មវិធី​​ ព្រម​ទាំង​ដៃ​គូរ​សហ​ជា​ច្រើន​ចូល​រួម​។នេះ​​ជា​ជំហាន​​ផ្ដើម​រក​ស៊ី​ដំបូង។ ​ទោះ​ជួប​ឧបសគ្គ​ខ្លះ​ក៏​ពិត​មែន​ ប៉ុន្តែ​​អ្វី​ៗ​ បាន​ដំណើរ​​​ការ​ទៅ​​យ៉ាង​ល្អ​ប្រសើរ​ មិន​ត្រឹម​ប៉ុណ្ណឹង​ក៏​បាន​ផ្តល់​នូវ​​បទ​ពិសោធន៍​ថ្មីៗ​បន្ថែម​ទៀត ជាជាង​ប្រាក់​​ចំណេញ​ដែល លីដា​ និង​ក្រុម​ទាំង​មូល​ ទទួល​បាន​​យ៉ាង​តិច​តួច​ស្ដួច​ស្ដើង​​បំផុត​នោះ​។
ក្រុមហ៊ុន​មិន​ផ្លូវ​ការ​មួយ​ត្រូវ​បាន​បង្កើត​ឡើង
VR Media គឺ​ជា​ឈ្មោះ​ក្រុមហ៊ុន​មិន​ផ្លូវ​ការ​មួយ​ត្រូវ​បាន​បង្កើត​ឡើង ដោយ​បាន​​ចំណាយ​ដើម​ទុន​តិច​តួច​បំផុត​​​ និង​​​មាន​ទទួល​​​សេវាកម្ម​​​​ផ្នែក​ផ្សព្វផ្សាយ​​ការ​ប្រគំ​ដន្ត្រី​ ការ​​រៀប​ចំ​កម្មវិធី​សម្ពោធ​ផលិតផល​នៅ​តាម​ក្រុមហ៊ុន​ និង​ការ​តាំង​ពិព័រណ៍​​ផលិត​ផល​ជា​ដើម​។​ ហើយ​​នឹង​មាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​មួយ​ច្បាស់​លាស់​ ដើម្បី​ទាក់​ទាញ​អតិថិជន​។​
​ក្រោយ​មក​​ការ​សិក្សា​ទៅ​លើ​ចំណុច​​ល្អ​​ ដើម្បី​អភិវឌ្ឍន៍​ខ្លួន​ជា​អ្នក​​ផ្ដល់​ជូន​សេវា​កម្ម​ជូន​ដល់​អតិថិជន​ ក៏​នៅ​​ធ្វើ​តែ​ជា​បន្ត​។​ជាក់​ស្ដែង​​ទាំង​រាល់​​មាន​ការ​អញ្ជើញ​ឲ្យ​ចូល​ រួម​ ក្នុង​កម្មវិធី​ ​​សមាជិក​​ ដែល​តំណាង​ឲ្យ​ក្រុមហ៊ុន​មិន​​ផ្លូវ​ការ​មួយ​ នេះ​តែង​បែប​ចែក​គ្នា​សិក្សា​​​​ ដោយ​​ផ្ទាល់​ភ្នែក​​ ពី​ការ​រៀប​ចំ​កម្មវិធី​តាំង​ពិព័រណ៍ ពិធី​សម្ពោធ​ផលិតផល​របស់​ក្រុមហ៊ុន​​នានា​​ និង​ការ​ប្រគំ​តន្ត្រី​ក្រុមហ៊ុន​របស់​ក្រុមហ៊ុន​ដ៏​ទៃ​ ដើម្បី​ទុក​ជា​ការដក​បទ​ពិសោធន៍​។​មិន​ត្រឹម​ប៉ុណ្ណឹង​ របៀប​​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​ តាម​វិទ្យុ​ ទូរទស្សន៍​ និង​ផ្តាំ​ប៉ាណូ​ធំៗ​ ​តាម​ប្រព័ន្ធ​អ៊ីនធ័រ​ណេត​ ​ក៏​ត្រូវ​បាន​សិក្សា​ផង​ដែរ។
ដោយ​សារ​​​មាន​​យុទ្ធសាស្ត្រ​​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​អតិថិជន​VR Media ​ដែល​តំណាង​ឲ្យ​សេវាកម្ម​របស់​យុវជន​មួយ​​ក្រុម​ និង​មាន​កញ្ញា​ តាក់​ ពិសិដ្ឋ​រដ្ឋលីដា​​ ជា​អ្នក​ផ្ដួច​ផ្ដើម​ ជា​បន្ត​បន្ទាប់​បាន​ទទួល​ការ​គាំ​ទ្រ​ពី​អតិថិជន​ ​និង​បាន​ទទួល​​​រៀប​ចំ​កម្មវិធី​ទាំង​តូច​ទាំង​ធំ​ឲ្យ​ក្រុមហ៊ុន​ជា​ហូរហែ។ ​បើ​តាម​ តាក់​ ពិសិដ្ឋ​រដ្ឋលីដា​ ​ការ​រក្សា​នូវ​ទំនួល​ខុស​ត្រូវ និង​​​ទំនុក​ចិត្ត​​​ជូន​ខ្ពស់​អតិថិជន​ ក្នុង​នាម​​ជា​អ្នក​ផ្តល់​សេវាកម្ម​ ដោយ​សុចរិត គឺ​ជា​កម្លាំង​ជម្រុញ​​មួយ​នាំ​ឲ្យ​អតិថិជន​ កាន់​តែ​ផ្តល់​​ទំនុក​ចិត្ត​​​ច្រើន​ឡើង។
ក្រុមហ៊ុន​ផ្លូវ​ការ​មួយ​ត្រូវ​បាន​បង្កើត​ឡើង
នៅ​ចុង​ឆ្នាំ​២០១២ ក្រុមហ៊ុន​ផ្លូវការ​​មួយ​ ដែល​មាន​ឈ្មោះ​ថា​ We Are (VR)Trading Co.ltd ត្រូវ​បាន​បង្កើត​ឡើង​ ដោយ​មាន​ កញ្ញា​ តាក់​ ពិសិដ្ឋ​រដ្ឋលីដា​​ ជា​អ្នក​គ្រប់​គ្រង​ទូទៅ​។
បច្ចុប្បន្ន​ភាព​​​​​​​​​​​
​​​កញ្ញា​ តាក់​ ពិសិដ្ឋ​រដ្ឋលីដា​​ វ័យ​ ២៩ ​គឺ​ជា​ប្រធាន​ក្រុមហ៊ុន​ We Are (VR)​ Trading Co.ltd​ ដែល​ជា​ក្រុមហ៊ុន​មួយ​​ បាន​ផ្តល់​នូវ​ទំនុក​ចិត្ត​ ព្រម​ទាំង​​ទទួល​បាន​ការ​គាំ​ទ្រ​ ​ពី​សំណាក់​​អតិថិជន​​​​ ទាំង​ជាតិ​ និង​អន្តរ ជាតិ​​​ ដោយ​ទទួល​បាន​ប្រាក់​ចំណូល​គុណ​ នឹង​ពីរ​បើ​ប្រៀបធៀប​ នឹង​ឆ្នាំ​មុន។​បច្ចុប្បន្ន​ កញ្ញា​ តាក់​ ពិសិដ្ឋ​រដ្ឋលីដា ​បាន​បំពេញ​កាតព្វកិច្ច​​ជា​កូន​ស្រី​​ដ៏​ល្អ​​ម្នាក់ ដែល​​អាច​​​​លើក​ស្ទួយ​​ជីវភាព​ និង​កិត្តិយស​គ្រួសារ ​ដែល​បាត់​បង់​កាល​ពី​ជាង​ ១០ ឆ្នាំ​មុន​ ឲ្យ​វិល​មក​វិញ​បន្តិចៗ​ម្តងៗ​។លីដា អាច​មាន​លទ្ធភាព​ទិញ​ផ្ទះ​ និង​មាន​រថយន្ត​ផ្ទាល់​ខ្លួន​ផង​ដែរ​។​ពេល​នេះ​​​ឪពុក​ ម្តាយ​ លីដា​ មាន​មោទនភាព​ចំពោះ​កូន​ស្ទើរ​រក​អ្វី​ថ្លែង​ពុំ​បាន​។ប៉ុន្តែអ្វីដែលគួរអោយ​ កត់​សម្គាល់​បន្ថែម​ទៀតនោះ លីដា​នៅ​តែ​បន្ត​ ទទួល​ធ្វើ​ការងារ​ជា​ពិធី​ការី​ក្រៅ​ម៉ោង​សម្រាប់​កម្មវិធី​ផ្សេងៗ​ដដែល ​ដោយ​ការ​គូស​បញ្ជាក់​ថា៖ “នោះ​ជា​អ្វី​ ដែល​ខ្ញុំ​ចូល​ចិត្ត​ និង​ជា​ការ​រំលឹក​ដល់​ការងារ​មួយ​ដែល​ជួយ​សម្រាល​ភាព​តាន​តឹង​ពេល​ដែល​ជីវិត ​ខ្ញុំ​ជួប​ការ​លំបាក”។
បទ​ពិសោធ​ជីវិត
​​​​​​​​​ឆ្លង​កាត់​ការ​លំបាក​ជាច្រើន​បាន​​ធ្វើ​​ឲ្យ​ លីដា​ ផ្លាស់​ប្តូរ​ ពី​ក្មេង ​ដែល​ធ្លាប់​ជា​មនុស្ស​ម្នាក់​មាន ​ចិត្ត​មានះ មក​ជា​មនុស្ស​ម្នាក់​ ដែល​មាន​ភាព​រឹង​មាំ។រឹង​មាំ​ចង់​សំដៅ​លើ​ភាព​ឯករាជ ដោយ​ខ្លួនឯង ហ៊ាន​ប្រឈមមុខ​ចំពោះ​បញ្ហា​ទាំងឡាយ និង​ការ​ចេះ​កំណត់​គោលដៅ​​មួយ​ច្បាស់​។​​ពេល​ខ្លះ​ ដើម្បី​សម្រេច​គោល​ដៅ​ត្រូវ​ដើរ​ផ្លូវ​មួយ​តែឯង​ ខណៈ​អ្នក​ទៀត​បាន​ជ្រើសរើស​ផ្លូវ​ដើរ​ផេ្សង។មិន​យក​ជីវិត​ខ្លួន​ឯ​ង​ទៅ​​ ប្រៀប​ធៀប​ នឹង​អ្នក​ដ៏ទៃ​។ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​ការងារ​ ដោយ​យកចិត្ត​ទុកដាក់​ និង​​ឲ្យ​អស់​ពី​លទ្ធភាព។ស្វែងយល់​ពី​ការងារ​នៅ​ចំពោះ​មុខ​ឲ្យ​បាន​​ច្រើន​ ​។ចង់​​រក​ស៊ី​អ្វី​ដ៏​អាច​ទៅ​រួច​ដែរ​​ កាល​បើ​​មាន​ទិស​ដៅ​ច្បាស់​លាស់​ និង​មាន​ចំណេះ​ដឹង​ច្រើន​។
ជា​ចុង​ក្រោយ​ លីដា បាន​ប្រៀប​ប្រដូច​ឱកាស​មក​ដល់​​សម្រាប់​មនុស្ស​ម្នាក់ៗ ដូច​ជា​​នឹង​ខ្យល់​យ៉ាង​ដូច្នេះ​ដែរ។​យើង​ត្រូវ​ចេះ​ចាប់​យក​ឱកាស​ភ្លាម​ៗ មិន​ត្រូវ​បណ្ដែត​បណ្ដោយ​ឲ្យ ឱកាស​ល្អ​ផុត​ទៅ​ដោយ​ងាយ​ៗ​ឡើយ​។ម្យ៉ាង​ពេល​ធ្វើ​ការងារ​មិន​ត្រូវ​ប្រើ​តែ​ កម្លាំង​ធ្វើ​ការងារ​​នោះ​ទេ​ ត្រូវ​ចេះ​គិត​ឲ្យ​បាន​ច្បាស់​លាស់​ ហើយ​សួរ​ខ្លួន​យើង​ថា​ ចង់បាន​អ្វី​ ចាំ​ធ្វើ​នៅ​ពេល​ក្រោយ​ ពីព្រោះ​មនុស្ស​ច្រើន​គ្នា​ បើ​ធ្វើ​ការងារ​យក​កម្លាំង​ទៅ​ធ្វើ​ ហើយ​ចង់​បាន​តែ​លុយ ​អាច​ធ្វើ​រឿង​ខុស​ច្រើន​ ដែល​ក្បត់​ និង​ឧត្ដម​គតិ​របស់​ខ្លួនឯង។ការងារជាក្រុមគឺជាឬសគល់នៃភាពជោគជ័យ។​ ​​​​​ត្រូវ​ចេះ​ធ្វើ​ការងារ​ជា​ក្រុម​ និង​មាន​ទំនាក់​ទំនង​ល្អ​គ្រប់​ពេល។​គ្រួសារ​គឺជា​មូល​​ហេតុ​គ្រប់​យ៉ាង​ ទាំង​អស់​។​សម្រាប់​ លីដា ដោយ​សារ​តែ​គ្រួសារ​គឺ​ជា​គោល ​នោះ​ហើយ​ដែល​ជា​កត្តា​ដែល​ជួយ​ឲ្យ​ ​លីដា​ប្រកបរបរ​ដែល​សុចរិត។
បណ្ដាំ​ចុង​ក្រោយ​ ដែល​ លីដា បាន​ទទួល​ពី​ជីតា​ របស់​ លីដា​ នោះ ​គឺ​ចំណេះ​វិជ្ជា​គឺ​ជា​អ្វី​ដែល​លីដា​ត្រូវ​តែ​តស៊ូ​យក​ឲ្យ​បាន ​បើ​ទោះ​ជា​មាន​ឧបសគ្គ​យ៉ាង​ណា​ក៏​ឲ្យ​។
​​​តើ​យុវវ័យយល់​យ៉ាង​ដែរ​​ ការ​តស៊ូ​ របស់​ លីដា?

No comments :

Post a Comment