អតីត​ខ្សែ​ប្រយុទ្ធ​ក្លិប​ Atletico Madrid, Barcelona, Liverpool ​និង​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ ​Luis García ​បាន​ប្រកាស​លា​ឈប់​ពី​បាល់ទាត់​ក្នុង​វ័យ​៣៥​ឆ្នាំ​ក្រោយ​ធ្វើ​ជា​កីឡាករ​ បាល់ទាត់​អាជីព​អស់​រយៈ​ពេល​១៧​ឆ្នាំ។​
អតីត​យុវជន​របស់​ក្លិប​ Barcelona ​និយាយ​នៅ​លើ​គេហទំព័រ​ផ្ទាល់​ខ្លួន​ថា​៖ “ថ្ងៃ​នេះ​ខ្ញុំ​បាន​សម្រេច​ចិត្ត​ចូល​និវត្តន៍​ពី​កីឡាករ​បាល់ទាត់​អាជីព។ ខ្ញុំ​សូម​អរគុណ​ចំពោះ​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​ក្រុម​មួយ​ចំនួន​ដែល​ បាន​ទាក់ទង​ខ្ញុំ​ថ្មី​ៗ​នេះ។ ប៉ុន្តែ​ខ្ញុំ​យល់​ថា​ដល់​ពេល​ដែល​ខ្ញុំ​ត្រូវ​បញ្ចប់​ជំពូក​ដ៏​សំខាន់​ ក្នុង​ជីវិត​ខ្ញុំ​ហើយ​ឈាន​ទៅ​កាន់​ទំព័រ​បន្ទាប់”។ ​កីឡាករ​ដែល​រួម​ចំណែក​ជួយ​ឱ្យ​ Liverpool ​ឈ្នះ​ជើងឯក​ UEFA Champions League ​ឆ្នាំ​២០០៥ និង FA Cup ឆ្នាំ​២០០៦ ​បន្ថែម​ថា​​៖ “ខ្ញុំ​នឹង​ដឹងគុណ​ជា​រៀង​រហូត​ចំពោះ​មនុស្ស​គ្រប់គ្នា​ដែល​បាន​នៅ​ជាមួយ​ ខ្ញុំ ជួយ​ខ្ញុំ​និង​គាំទ្រ​ខ្ញុំ​គ្រប់​កាលៈទេសៈ​​ក្នុង​អាជីព​រយៈ​ពេល​១៧​ឆ្នាំ​ របស់​ខ្ញុំ”។​
ក្រោយ​ពេល​ផ្លាស់​ពី​ Barcelona ​ទៅ​លេង​ឱ្យ​ Liverpool ​ពី​ឆ្នាំ​២០០៤​ដល់​២០០៧ ​García ​ត្រលប់​ទៅ​អេស្ប៉ាញ​វិញ​ដោយ​ចូល​រួម​ Atletico Madrid ​ពី​ឆ្នាំ​២០០៧​ដល់​២០០៩​រួច​ក៏​ផ្លាស់​ទៅ​លេង​ឱ្យ​ Racing Santander ​ក្នុង​រដូវ​កាល​២០០៩-១០។ ​បន្ទាប់​មក​ អតីត​សមាជិក​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​ចន្លោះ​ឆ្នាំ​២០០៥​ដល់​២០០៨​រូប​ នេះ​​ប្ដូរ​ទៅ​ប្រឡូក​អាជីព​នៅ​លីក​កំពូល​ក្រិក​ជាមួយ​ក្រុម ​Panathinaikos ​មុន​ពេល​ចំណាយ​ពេល​ចុង​ក្រោយ​នៃ​អាជីព​នៅ​ម៉ិកស៊ីកូ​ជាមួយ​ក្រុម Puebla និង Pumas UNAM៕