សមត្ថកិច្ចបានចុះឆែកឆេរ ផ្ទះរបស់ Justin Bieber នៅ Calabasas កាលពីថ្ងៃអង្គារម្សិលមិញនេះ ដើម្បីស្វែងរកភស្តុតាងក្នុងករណីដែលតារារូបនេះបានគប់ស៊ុតជា ច្រើនទៅផ្ទះអ្នកជិតខាង ហើយក៏បានចាប់ខ្លួនមិត្តរបស់គេម្នាក់ឈ្មោះ Lil Za ម្នាក់ដោយសង្ស័យថាមានគ្រឿងញៀនជាប់នឹងខ្លួន។
ការចាប់ខ្លួននេះបានកើតឡើងនៅពេល ដែលប៉ូលិសទីក្រុង Los Angeles ប្រមាណ ១២នាក់បានចុះឆែកឆេរផ្ទះរបស់ Justin Bieber ដើម្បីស្វែងរកវីដេអូ និងភស្តុតាងផ្សេងៗទៀតដែលពាក់ព័ន្ធនឹងករណីគប់ស៊ុតរបស់តារាចម្រៀង រូបនេះ។
ក្នុងអំឡុងពេលការឆែកឆេរកាលពី ម្សិលមិញនេះ ប៉ូលិសបានឃាត់ខ្លួនមនុស្ស ៨នាក់រួមទាំង Justin Bieber ផងដែរ។ ដោយរកឃើញថា Justin Bieber មិនពាក់ព័ន្ធនឹងរឿងគ្រឿងញៀននេះ តារារូបនេះក៏ត្រូវបានដោះលែងវិញ។

តារាសម្បូររឿងអាស្រូវ Justin Bieber
ទោះជាយ៉ាងណា ប៉ូលិសបាននិយាយទៀតថា Justin Bieber នៅតែជាជនសង្ស័យក្នុងករណីគប់ស៊ុតនេះ ដោយបញ្ជាក់ខ្លីថា “ការស៊ើបអង្កេតគឺនៅតែបន្ត។ នៅពេលនេះគេមិនត្រូវបានចាប់ខ្លួន តែក៏មិនទាន់រួចខ្លួនដែរ”។
អ្នកជិតខាងរបស់ JB បានទាក់ទងទៅប៉ូលិសកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនដើម្បីរាយការណ៍ ថាផ្ទះរបស់គេរងការខាតបង់ជាង ២ម៉ឺនដុល្លារដោយសារហេតុការណ៍មួយនេះ ដោយផ្នែកខាងមុខនៃផ្ទះរបស់គេត្រូវលាបថ្នាំជាថ្មីដោយត្រូវ ចំណាយ ១៥០០០ដុល្លារ និងថ្លៃខូចខាតផ្សេងៗទៀតប្រមាណ៥០០០ដុល្លារ។ ពីដំបូងករណីនេះត្រូវបានចាត់ទុកថាជាបទល្មើសតូចតាចតែប៉ុណ្ណោះ ក៏ប៉ុន្តែដោយសារទំហំខូចខាតត្រូវបានគេឃើញថាច្រើនជាង ៤០០ដុល្លារ ដូច្នេះករណីនេះអាចចាត់ទុកថាជាបទឧក្រិដ្ឋធ្ងន់ធ្ងរបាន។
ករណីគប់ស៊ុតនេះគឺជាការប៉ះទង្គិច ចុងក្រោយរវាងតារាចម្រៀងរូបនេះ និងអ្នកជិតខាងរបស់ខ្លួន។ អំឡុងពេលពីរឆ្នាំចុងក្រោយនេះ Bieber ត្រូវបានអ្នកជិតខាងប្ដឹងពីរឿងជប់លៀងឮខ្លាំងៗ បើកឡានលឿន និងស្ដោះទឹកមាត់ដាក់អ្នកជិតខាងម្នាក់ ក៏ប៉ុន្តែ Justin Bieber មិនធ្លាប់ត្រូវបានកាត់ទោសថាជាប់បទឧក្រិដ្ឋណាមួយឡើយ។
អ្នកជំនាញផ្នែកច្បាប់ម្នាក់បាននិយាយ ថា វាពិតជាកម្រណាស់ដែលត្រឹមករណីគប់ស៊ុតត្រូវបានចាត់ទុកថាជាបទ ឧក្រិដ្ឋ។ អ្នកជំនាញរូបនោះបញ្ជាក់ដូច្នេះ៖ “ខ្ញុំមិនដែលឮទេថាការគប់ស៊ុតទៅផ្ទះអ្នកដទៃ អាចក្លាយជាបទឧក្រិដ្ឋ។ ជម្លោះរវាងអ្នកជិតខាងគឺមិនដែលធ្ងន់ធ្ងរដល់ថ្នាក់នេះទេ។ ក៏ប៉ុន្តែម្រាប់ករណីពាក់ព័ន្ធនឹងតារាហូលីវូដ រឿងដែលធម្មតាក៏អាចក្លាយជារឿងមិនធម្មតាបានដែរ”។
ដូច្នេះតើ Justin Bieber នឹងអាចជាប់គុកដោយសាររឿងនេះបានទេ? ចុះប្រិយមិត្តយល់យ៉ាងណាដែរចំពោះអាកប្បកិរិយារបស់តារារូបនេះ?
No comments :
Post a Comment