Pages

Friday, January 17, 2014

ក្រុម​ចម្រៀង​ KPOP ថ្មី​ៗ​​យក​ភាព​សិចស៊ី​ដើម្បី​បាន​ល្បី​ឆាប់​

ខណៈ​ពេល​ដែល​ក្រុម​ចម្រៀង​ជា​ច្រើន​បាន​ត្រលប់​មក​វិញ​ នា​ដើម​ឆ្នាំ​ ២០១៤​នេះ អ្វី​ដែល​គេ​ចាប់​អារម្មណ៍​ខ្លាំង​ក្នុង​ចំណោម​ពួក​គេ គឺ​ថា​ភាគ​ច្រើន​នៃ​​ពួក​គេ​ប្រើ​រូបភាព​សិចស៊ី​ដើម្បី​ជា​ការ​ទាក់ទាញ​។ ​
ក្រុម​ចម្រៀង​នារី​ទី​មួយ​ដែល​ចេញ​បទ​ចម្រៀង​ថ្មី​មុន​គេ គឺ​ក្រុម Gir’s Day។ ពួក​គេ​បាន​ចេញ​មីនី​អាល់ប៊ុម​ថ្មី “Everyday3” របស់​ពួក​គេ​ដែល​មាន​បទ​ចម្រៀង “Something” ជា​បទ​សំខាន់ ដែល​លើក​នេះ​ពួក​គេ​ត្រលប់​មក​វិញ​ជាមួយ​រូបភាព​កាន់​តែ​សិចស៊ី​ជាង​បទ​ចម្រៀង​មុន​ៗ តាំង​ពី​សំលៀក​បំពាក់ និង​ក្បាច់​រាំ សុទ្ធ​តែ​មាន​លក្ខណៈ​បញ្ចេញ​ច្រើន និង​មាន​ភាព​ស្រើបស្រាល។
ក្រុម​ចម្រៀង​នារី​មួយ​ទៀត គឺ​ក្រុម Dal Shabet ដែល​បាន​ចេញ​បទ​ចម្រៀង​ថ្មី “B.B.B” ដំណាល​គ្នា​នឹង​ក្រុម Girl’s Day ដែរ។
គ្រាន់​តែ​រូបភាព​ក្នុង​អាង​ងូត​ទឹក ដែល​ជា​រូបភាព​ផ្សព្វផ្សាយ​មុន​នឹង​អាល់ប៊ុម​របស់​ពួក​គេ​ចេញ​លក់ ក៏​មាន​លក្ខណៈ​ក្ដៅ​សាច់​ទៅ​ហើយ។
ខាង​ផលិតកម្ម​របស់​ក្រុម Girl’s Day បាន​ពន្យល់​ថា “ពួក​យើង​ចង់​បង្ហាញ​ពី​លក្ខណៈ​ពិសេស​របស់​ស្រ្តី” ខណៈ​ពេល​ដែល​ខាង​ផលិតកម្ម​របស់​ក្រុម Dal Shabet បាន​បញ្ជាក់​ថា “យើង​ចង់​បង្ហាញ​ពី​ស្ទីល​សម្ដែង​ថ្មី​ៗ ដោយ​សារ​ឥលូវ​នេះ សមាជិក​ក្រុម​ទាំង​អស់​មាន​អាយុ​លើស​ពី​ម្ភៃ​ឆ្នាំ​អស់​ហើយ”។
​​បន្ទាប់​ពី​ក្រុម​ចម្រៀង​ទាំង​ពីរ​នេះ ក្រុម​ចម្រៀង​នារី​ពីរ​ក្រុម​ទៀត​ក៏​កំពុង​ត្រៀម​ខ្លួន​ត្រលប់​មក​វិញ​ ក្នុង​រូបភាព​សិចស៊ី​ផង​ដែរ។ ក្រុម​ចម្រៀង AOA ដែល​ទើប​តែ​ចេញ​បទ​ចម្រៀង​ថ្មី​របស់​ពួក​គេ​ ដែល​មាន​ចំណង​ជើង​ “Miniskirt” បាន​បង្ហោះ​វីដេអូ​ផ្សព្វផ្សាយ​អាល់ប៊ុម​ថ្មី​របស់​ពួក​គេ​ដែល​មាន​រូបភាព​សមាជិក​របស់​ពួក​គេ​ងូត​ទឹក និង​ពាក់​តែ​អាវ​ទ្រនាប់​ជា​ដើម។
ក្រុម​ចម្រៀង​មួយ​ទៀត​គឺ ក្រុម Rainbow Blaxx ដែល​ជា​ក្រុម​តូច​របស់​ក្រុម Rainbow ដោយ​រូបភាព​ផ្សព្វផ្សាយ​របស់​ពួក​គេ​ហាក់​មិន​សមរម្យ​សម្រាប់​អ្នក​គាំទ្រ​ដែល​មាន​អាយុ​ក្រោម​ ១៩​ឆ្នាំ​ឡើយ។ តំណាង​ផលិតកម្ម​របស់​ពួក​គេ​បញ្ជាក់​ថា “ក្រុម​ Rainbow ធ្លាប់​បង្ហាញ​ស្ទីល​គ្រប់​អស់​ហើយ​តាំង​ពី​សុភាព​ រស់រវើក និង​ Cute។ លើក​នេះ ពួក​គេ​នឹង​បង្ហាញ​អ្វី​មួយ​ដែល​ពួក​គេ​មិន​ធ្លាប់​បាន​បង្ហាញ​ពី​មុន​មក”។
ក្រៅ​ពី​ក្រុម​ចម្រៀង​នារី ទាំង​នេះ តារា​ចម្រៀង​ហ៊ីបហប​ Gary របស់​ក្រុម Lessang ក៏​ទើប​តែ​ចេញ​វីដេអូ​ចម្រៀង​ថ្មី “Shower Later” របស់​គេ​ដែល​មាន​រូបភាព​ស្រើបស្រាល​ជា​ច្រើន​ផង​ដែរ។
អ្នក​តំណាង​ក្រុមហ៊ុន Sony Music លោក Lee Se-hwan បាន​និយាយ​ថា “ការ​អភិវឌ្ឍន៍​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ដូច​ជា​ Youtube គឺ​កំពុង​តែ​ជំរុញ​ការ​ផ្លាស់​ប្ដូរ​ពី​ការ​ស្ដាប់​បទ​​ចម្រៀង​សម្រាប់​ស្ដាប់​ ទៅ​ជា​បទ​ចម្រៀង​សម្រាប់​មើល​វិញ។ ករណី​បង្ហាញ​ភាព​ស្រើបស្រាល​មាន​កាន់​តែ​ច្រើន​ក្នុង​វិស័យ​ចម្រៀង​ប៉ុប​អាមេរិក។ ឧទាហរណ៍ តារា​ចម្រៀង Miley Cyrus ដែល​ហ៊ាន​ស្រាត​ដាក់​វីដេអូ​ចម្រៀង​របស់​នាង ហើយ​សូម្បី​តែ​វីដេអូ​ចម្រៀង​ថ្មី​របស់​ Beyonce ទាំង ១៧​បទ​នោះ មាន​ ៩​បទ​ទៅ​ហើយ ដែល​ផលិត​ឡើង​សម្រាប់​តែ​មនុស្ស​ពេញ​វ័យ”។
ការ​ខ្វល់ខ្វាយ​ពី​ចំនួន​អ្នក​ចូល​ទស្សនា​លើ Youtube ដែល​ជា​កំណត់​ត្រា​មួយ​នៅ​ក្នុង​តារាង Billboard គឺ​កំពុង​តែ​ជំរុញ​ឲ្យ​មាន​រូបភាព​សិចស៊ី​កាន់​តែ​ច្រើន។ លោក Lee បាន​និយាយ​ទៀត​ថា “រូបភាព​សិចស៊ី​គឺ​ជា​វិធី​ល្អ​បំផុត​ដែល​អាច​ទាក់​ទាញ​ចំណាប់​អារម្មណ៍​អ្នក​ចូល​ទស្សនា​បាន​ច្រើន ជា​ពិសេស​អ្នក​គាំទ្រ​ប្រុស​ៗ គឺ​ពួក​គេ​ចូល​ចិត្ត​មើល​បំផុត​នូវ​រូប​ភាព​បែប​នេះ”។
ទន្ទឹម​នឹង​នេះ​ក៏​មាន​អ្នក​ដែល​កំពុង​តែ​បារម្ភ​អំពី​ការ​ប្រកួត​ប្រជែង​ក្នុង​រូបភាព​​សិចស៊ី​ហួសហេតុ​នេះ​ផង​ដែរ។ អ្នក​វិភាគ​វប្បធម៌​ចម្រៀង​ប៉ុប ​លោក Ha Jae-gun បាន​និយាយ​ថា “ជា​ច្រើន​ដង ក្រុម​ចម្រៀង​នារី​អាច​រក​ចំណូល​បាន​ច្រើន​ពី​ការ​ថត និង​​សម្ដែង​ផ្សេង​ៗ ច្រើន​ជាង​ចំណូល​ពី​ការ​លក់​អាល់ប៊ុម ដែល​មាន​ន័យ​ថា ជាជាង​ការ​​ខ្វាយខ្វល់​ពី​គុណភាព​នៃ​បទ​ចម្រៀង ពួក​គេ​ធ្វើ​អ្វី​ដើម្បី​បាន​ចំណូល​ច្រើន​តែ​ប៉ុណ្ណោះ។ ជា​ការ​ពិត​ ដែល​រូបភាព​សិចស៊ី អាច​ធ្វើ​ឲ្យ​ក្រុម​ចម្រៀង​នារី​មិន​សូវ​ល្បី អាច​ក្លាយ​ជា​ក្រុម​ល្បី​ដល់​កំពូល​បាន​។ ក៏​ប៉ុន្តែ ស្រប​ពេល​ដែល​គ្រប់​គ្នា​យល់​ឃើញ​បែប​នេះ សាធារណ​ជន​ចាប់​ផ្ដើម​មើល​ឃើញ​តារា​ចម្រៀង​ជា​និមិត្តរូប​សិច មិន​មែន​ជា​សិល្បករ​ឡើយ។ បែប​នេះ​អាច​នាំ​ឲ្យ​ប៉ះពាល់​ខ្លាំង ដល់​វិស័យ​ចម្រៀង​ទាំង​មូល ហើយ​ក៏​មាន​ផល​អាក្រក់​សម្រាប់​ក្មេង​ៗ​ដែល​គាំទ្រ​តារា​ទាំង​នោះ​ផង​ដែរ”៕
ចុះ​ប្រិយមិត្ត​ចូលចិត្ត​ភាព​សិចស៊ី​បែប​នេះ​ ឬ​ទេពកោសល្យ​ពី​ធម្មជាតិ​ជាង?

No comments :

Post a Comment