លោក Clarence Seedorf មិនអាចទប់ទឹកភ្នែករបស់ខ្លួនក្នុងអារម្មណ៍ដ៏រំជើបរំជួលបានឡើយនៅ ពេលទទួលការបញ្ជាក់ជាផ្លូវការថាលោកគឺជាគ្រូបង្គោលថ្មីរបស់ ក្លិប AC Milan ជំនួសលោក Massimiliano Allegri ដែលត្រូវបានដកចេញពីតំណែងកាលពីថ្ងៃចន្ទ។
អតីតខ្សែបម្រើឆ្នើមនៃក្រុមជម្រើស ជាតិហុល្លង់វ័យ៣៧ឆ្នាំរូបនេះប្រាប់អ្នកសារព័ត៌មាននៅក្នុង ទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីលម្សិលមិញថាលោកបញ្ចប់អាជីពពីកីឡាករជាផ្លូវការហើយ ក្រោយចំណាយពេល១៨ខែលេងឱ្យក្រុម Botafogo។

គ្រូបង្វឹកក្រុម Botafogo សម្រួលអារម្មណ៍ Seedorf ដែលរំជើបរំជួល
កីឡាករបាល់ទាត់ដំបូងគេដែលឈ្នះជើងឯក UEFA Champions League ៤ដងនៅ៣ក្លិបផ្សេងគ្នា(ជាមួយ Ajax ឆ្នាំ១៩៩៥, Real Madrid ឆ្នាំ១៩៩៨, AC Milan ឆ្នាំ២០០៣និង២០០៧) និយាយថា៖ “ជំហានបន្ទាប់សម្រាប់ខ្ញុំគឺធ្វើជាគ្រូបង្វឹកក្រុម AC Milan”។ ក្នុងពិធីលាគ្នាពីក្លិបនិងមិត្តរួមក្រុមនៅ Botafogo អតីតសមាជិកក្លិប Ajax, Sampdoria, Real Madrid, Inter Milan បន្ថែមថា៖ “នៅក្នុងឆាកជីវិត ពេលឱកាសមកដល់យើងត្រូវតែចាប់យក។ បាល់ទាត់ផ្ដល់ឱកាសជាច្រើនដល់យើងឱ្យរីកចម្រើនក្នុងអាជីពនិងការ រស់នៅ”។
ក្រោយឮដំណឹងពីការតែងតាំងនេះ លោក Carlo Ancelotti ដែលកំពុងបង្វឹកក្រុម Real Madrid និយាយសាទរថា៖ “ខ្ញុំធ្លាប់បង្វឹកគាត់ (Seedorf)។ គាត់មានបុគ្គលិកលក្ខណៈរឹងមាំហើយគាត់មានសមត្ថភាពគ្រប់គ្រាន់ក្នុង ការប្រឡូកក្នុងបទពិសោធន៍ថ្មីនេះ”។
Seedorf ធ្លាប់លេងឱ្យ AC Milan ១០ឆ្នាំ ពោលគឺពីឆ្នាំ២០០២ដល់២០១២ ហើយជួយក្រុមនេះឱ្យឈ្នះជើងឯក Serie A ២ដង Coppa Italia ម្ដង UEFA Champions League ២ដង UEFA Super Cup ២ដងនិង FIFA Club World Cup ម្ដង ខណៈកាលនៅ Ajax និង Real Madrid ក៏លោកឈ្នះជើងឯកមិនស្ទើរដែរ៕
No comments :
Post a Comment